កម្ពុជាសម្រេចបានចំណូលជាង១០៩លានដុល្លារពីការនាំចេញអង្កររក្នុង ត្រីមាសទី១ដើមឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ កម្ពុជាបាននាំចេញអង្ករ១៥៣,៦៨៨តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយគិតជាទឹកប្រាក់មានចំនួន ១០៩.៧៣ លានដុល្លារអាមេរិក នៅត្រីមាសទី១ ដើមឆ្នាំ២០២១នេះ ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២ ខែមេសានេះ។

សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ទិសដៅទីផ្សារនៃការនាំចេញក្នុងរយៈពេល​មួយត្រីមាសនេះ ចំណែកធំជាងគេ គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តហុងកុង និងម៉ាកាវផងដែរ ក្នុងនោះមានចំនួន៨៥,៣៧០តោន ស្មើនឹង ៥៥.៥៥%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រីឯទីផ្សារធំទី២ គឺទីផ្សារសហភាពអឺរ៉ុបដែលមាន១៩ប្រទេស និងអង់គ្លេសបាននាំចេញបានចំនួន ៣៨,៤៣៩តោន ស្មើនឹង ២៥.០១% ក្នុងនោះប្រទេសបារាំងម្នាក់ឯងមានចំនួន១៦,០៦៦តោន ស្មើនឹង ១០.៤៥%នៃការនាំចេញសរុប។

ទីផ្សារបន្ទាប់ គឺទីផ្សារផ្សេងៗ មានចំនួន ១១.៨៥% គិតជាបរិមាណ ១៨,២២១តោន ដែលរួមមាន តំបន់ទ្វីបអាហ្រ្វិក អាមេរិកខាងជើង កាណាដា មជ្ឈឹមបូព៌ា អាស៊ី-អូសេអានី (អូស្រ្តាលី និងញូហ្សេឡេន) និងអាស៊ី-អឺរ៉ុបជាដើម។ ចុងក្រោយគឺទីផ្សារអាស៊ាន មានម៉ាឡេស៊ី សាំងហ្កាពួរ និងហ្វីលីពីន ដែលមានចំណែក ៧.៥៩% នៃការនាំចេញសរុប គិតជាបរិមាណមានចំនួន ១១,៦៥៨តោន។

ទោះជាយ៉ាងនេះក្តី និន្នាការនៃការនាំចេញអង្ករ ក្នុងខែមីនា ឆ្នាំ២០២១នេះ បាននិងកំពុងបន្តងើបឡើងវិញជាបណ្តើរៗ ដែលមានការកើនឡើង ៨៤.៦៦% ធៀបនឹងខែកុម្ភៈ គឺកើនពី ៤១,៩៤៩តោននៅក្នុងខែកុម្ភៈមក ៧៧,៤៦៦តោននៅក្នុងខែមីនា ខណៈដែលខែកុម្ភៈធៀបនឹងខែមករា កើនបានត្រឹមតែ ២២% ប៉ុណ្ណោះ។

ត្រីមាសទី១ នៃឆ្នាំ២០២១នេះ គឺជាឆ្នាំដែលមានការនាំចេញទាប ជាងបណ្តាត្រីមាស នៃរយៈពេល៥ឆ្នាំចុងក្រោយ។ បញ្ហាចម្បងដែលជាកត្តានាំឲ្យការនាំចេញអង្ករកម្ពុជា ជួបប្រទះនូវភាពយឺតយ៉ាវ ក្នុងការបញ្ជូនទំនិញទៅកាន់អ្នកបញ្ជាទិញនៅក្រៅប្រទេស ជាពិសេសទៅកាន់បណ្តាប្រទេសគោលដៅ នៅក្នុងសហគមន៍អឺរ៉ុប គឺកង្វះកុងតែន័រសម្រាប់អង្ករ និងថ្លៃដឹកជញ្ជូនតាមសមុទ្រ នៅតែបន្តមានតម្លៃខ្ពស់ បើប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា៥ឆ្នាំចុងក្រោយ ដែលមានគម្លាតខ្ពស់ជាងរហូតដល់ជាង៥ដង។

ចំពោះប្រភេទអង្ករនាំចេញ ក្នុងរយៈពេលត្រីមាសទី១ ដើមឆ្នាំ២០២១នេះ ភាគច្រើនបំផុតជាអង្ករក្រអូបប្រណីត និងអង្ករក្រអូបធម្មតា ដែលមានចំណែកជាងពាក់កណ្តាលនៃការនាំចេញសរុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here