ក្រុមហ៊ុន Microsoft ទទួលបានកិច្ចសន្យាតម្លៃ ២១,៩ ពាន់លានដុល្លារ ដើម្បីផលិតវែនតាបំពាក់បច្ចេកវិទ្យា AR សម្រាប់យោធាអាមេរិក

សុខុម

ញូវយ៉ក: ក្រុមហ៊ុន Microsoft បានចុះកិច្ចសន្យាទំហំយក្សមួយទៀតជាមួយរដ្ឋាភិបាល នោះគឺកិច្ចសន្យាផលិតវែនតាបំពាក់បច្ចេកវិទ្យា Augmented Reality (AR) សម្រាប់យោធាអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី០១ មេសា នេះ។

កងទ័ពសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធ ទី៣១ មីនា ថា ខ្លួនបានផ្តល់កិច្ចសន្យាមួយឱ្យទៅក្រុមហ៊ុន Microsoft ដើម្បីផលិតវែនតាបំពាក់បច្ចេកវិទ្យា AR ដែលផ្អែកលើគំរូវែនតា HoloLens 2 របស់ខ្លួន ហើយមានឈ្មោះថា Integrated Visual Augmented Systems (IVAS)។ កងទ័ពនិយាយថា វែនតាពិសេសទាំងនេះត្រូវបានរចនាឡើងដើម្បីជួយទាហានក្នុងបេសកកម្ម “ប្រយុទ្ធ ហាត់សម និងហ្វឹកហ្វឺនដោយប្រើប្រាស់ Platform រួមតែមួយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចសន្យានេះមានរយៈពេល ៥ ឆ្នាំជាមួយជម្រើសបន្តកិច្ចសន្យារយៈពេល ៥ ឆ្នាំទៀត ហើយអាចមានតម្លៃរហូតដល់ទៅប្រមាណ ២១,៩ ពាន់លានដុល្លារសម្រាប់រយៈពេល ១០ ឆ្នាំពេញ។ ក្រុមហ៊ុន Microsoft និយាយថា ជាដំបូង កងទ័ពចង់បានវែនតាពិសេសនេះជាង ១២០.០០០ គ្រឿងសម្រាប់កងកុម្ម៉ងដូពិសេសដែលប្រយុទ្ធកៀកនឹងទីតាំងសត្រូវខ្លាំង។

កិច្ចសន្យានេះគឺជាការបន្តការងារចាស់លើការអភិវឌ្ឍវែនតាពិសេសនេះដែលក្រុមហ៊ុន Microsoft បានធ្វើសម្រាប់កងទ័ពសហរដ្ឋអាមេរិក។ នៅឆ្នាំ២០១៨ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះទទួលបានកិច្ចសន្យាមួយមានតម្លៃ ៤៧៩ លានដុល្លារ ដើម្បីបង្កើតម៉ូតគំរូនៃវែនតាពិសេសនេះ ហើយកិច្ចសន្យាថ្មីដែលបានប្រកាសកាលពីថ្ងៃពុធ នេះគឺជាដំណាក់កាលផលិតទ្រង់ទ្រាយធំ។

កងទ័ពនិយាយថា ក្រុមហ៊ុន Microsoft បានធ្វើការយ៉ាងជិតស្និទ្ធជាមួយកងទ័ពសហរដ្ឋអាមេរិក ដើម្បីបង្កើតវែនតាពិសេសនេះ និងកម្មវិធីសូហ្វវែរ (Software) ដែលបំពាក់លើវែនតានេះ។ វាត្រូវបានរចនាឡើងដើម្បីជួយឱ្យកុម្ម៉ងដូពិសេសដែលប្រយុទ្ធកៀកនឹងទីតាំងសត្រូវខ្លាំង ដឹងពីស្ថានការណ៍កាន់តែច្បាស់ កំណត់គោលដៅសត្រូវបានត្រឹមត្រូវ និងបញ្ជូនព័ត៌មានឱ្យគ្នាអំពីការសម្រេចចិត្តដែលចាំបាច់ដើម្បីយកជ័យជម្នះលើសត្រូវនាពេលបច្ចុប្បន្ន និងអនាគត។

នេះគឺជាកិច្ចសន្យាយោធាធំចុងក្រោយបង្អស់ដែលក្រុមហ៊ុន Microsoft ទទួលបាន។ នៅឆ្នាំ២០១៩ ក្រុមហ៊ុន Microsoft ទទួលបានកិច្ចសន្យាមួយដែលមានតម្លៃ ១០ ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់សេវាកម្ម Cloud ឬ Cloud Computing ដល់ក្រសួងការពារជាតិសហររដ្ឋអាមេរិក។

សេវាកម្ម Cloud ឬ Cloud Computing គឺជាសេវាកម្មដែលអាចធ្វើការគ្រប់គ្រង រក្សាទុក ឬប្រតិបត្តិទិន្នន័យនៅកន្លែងរួមមួយ។ ការធ្វើដូចនេះយើងមិនចាំបាច់មានហាដវែរ (Hardware) ខ្លួនឯងទេ ហើយក៏មិនចាំបាច់មានទីកន្លែងទុកហាដវែរនោះដែរ ពីព្រោះអ្វីៗគឺផ្តល់ដោយក្រុមហ៊ុនដែលផ្តល់សេវាកម្មនេះ។ អ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែបង់ថ្លៃនូវអ្វីដែលយើងបានប្រើប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here