ក្រសួងពាណិជ្ជកម្មកម្ពុជាប្រកាសរកចំណូលបានជាង១២៥លានដុល្លារ

ដោយៈ សាវុធ

ភ្នំពេញៈ ចំណូលរបស់ក្រសួងពាណិជ្ជកម្ម សម្រេចបានចំនួនជាង១២៥លានដុល្លារ នៅឆ្នាំ២០២០កន្លងមកនេះ ធ្លាក់ចុះប្រមាណ៥០.៨៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។

របាយការណ៍បានឱ្យដឹងថា “ក្នុងឆ្នាំ២០២០ ក្រសួងប្រមូលចំណូល សរុបបានចំនួន ៥១,៦១៩,២លានរៀល ស្មើនឹង១១៤% នៃផែនការ ដែលមានចំនួន៤៥,២៦១,០លានរៀល។ បើប្រៀបធៀប នឹងការអនុវត្តឆ្នាំ២០១៩ ថយចុះប្រមាណ៥០,៨៣%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានឲ្យដឹងថា ចំណូលដែលក្រសួង ប្រមូលបានចំនួន ៥១,៦១៩,២លានរៀល ក្នុងនោះ រួមមាន ចំណូលទទួលបានពីការតម្កល់លិខិត ជូនដំណឹងនៃប្រតិបត្តិការ ដែលមានកិច្ចធានា៣១២,៥២០,០០០រៀល ចំណូលទទួលបានពីការចុះបញ្ជីពាណិ​ជ្ជកម្ម១៩,៣១៦,៦១០,០០០រៀល ចំណូលទទួលបានពីការផ្តល់វិញ្ញាបនបត្រប្រភពដើមទំនិញ និងការចេញអាជ្ញាប័ណ្ណ និងសេវាពាក់ព័ន្ធ២៣,៥៧៦,២៨៤,១២៣រៀល ចំណូ​លទទួលបាន ពីការចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធ៨,២៨២,៥៦៩,៥២៤រៀល។ ចំណូលទទួលបាន ពីសេវារបស់អគ្គនាយកដ្ឋានក.ប.ប ៨៨,៦៦៨,០០០រៀល និងចំណូលទទួលបាន ពីកិច្ចការពិព័រណ៍ ចំនួន៤២,៦៤០,០០០រៀល។

ជាមួយគ្នានេះដែរ សម្រាប់ឥណទានឆ្នាំ២០២០ ដែលក្រសួងពាណិជ្ជកម្មទទួលបាន មានចំនួន១០៤,៤៧៩លានរៀល (ប្រមាណ២៥លានដុល្លារ) និងបានចំណាយ ក្នុងឆ្នាំ២០២០ មានចំនួន១០២,៩៧៤លានរៀល (ប្រមាណ២៥លានដុល្លារ) ស្មើនឹង៩៨,៦% នៃឥណទានថវិកាដែលបានផ្តល់។

របាយការណ៍បានបញ្ជាក់ថា រាល់ចំណូល-ចំណាយទាំងអស់ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានបញ្ចូល ក្នុងប្រព័ន្ធគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ (NRMIS) និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here