ដោយៈលក្ខិណា
ភ្នំពេញៈ លោកស្រីម៉ារៀ អាមីលីតាអាគីណូ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះសេដ្ឋកិច្ចកម្ពុជាដោយរំពឹងថា នឹងវិលទៅរកស្ថានភាពដូចមុនកូវីដ១៩វិញ នៅពេលឆាប់ៗនេះ។
ការបង្ហាញរបស់មន្ត្រីទូតហ្វីលីពីនប្រចាំកម្ពុជានេះ ធ្វើឡើងនៅពេលចូលជួបជាមួយសម្ដេចអគ្គមហពញ្ញាចក្រីហេង សំរិន ប្រធានរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី៣១ មីនា ២០២១នេះ។
លោកស្រីឯកឧត្តមបានមានប្រសាសន៍ថា តាមរយៈការគ្រប់គ្រង និងដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដារសេដ្ឋកិច្ច និងអាជីវកម្មប៉ះពាល់មិនយូរទេ នៅពេលចប់វិបត្តិកូវីដ១៩ សេដ្ឋកិច្ចរបស់កម្ពុជានឹងអាចវិលទៅរកស្ថានភាព ដូចកាលពីមុនមានវិបត្តិវិញឆាប់ៗ ហើយសកម្មភាពដែលប៉ះពាល់ ដោយសារតែវិបត្តិក៏នឹងដំណើរការវិញ ដើម្បីចូលរួមដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាលើកឡើងថា កម្ពុជានិងហ្វីលីពីនមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៥៧ ហើយចំណងការទូតនេះ បានបន្តចាក់គ្រឹះយ៉ាងរឹងមាំរហូតមកដល់សព្វថ្ងៃ។ បេសកកម្មការទូតថ្មីរបស់លោកស្រី Maria Amelita C. Aquino នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជានិងហ្វីលីពីន ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
សម្ដេចមានប្រសាសន៍បន្ថែមថា “ចំពោះទំនាក់ទំនងរដ្ឋសភាកម្ពុជា និងហ្វីលីពីន មានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើន លើវិស័យការទូតសភានៅក្នុង វេទិកាអន្តរសភា ទាំងក្នុងតំបន់ និងសកលលោក ជាពិសេស កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន ដែលសភាហ្វីលីពីន ជាសហស្ថាបនិកមួយដ៏សំខាន់ផងនោះ”។
សម្តេចបន្តថា “សភាប្រទេសទាំងពីរ ក៏បានបង្កើតក្រុមមិត្តភាពរដ្ឋសភា ដើម្បីបង្កបរិយាកាសអោយសមាជិករដ្ឋសភា នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ជាពិសេស ធ្វើយ៉ាងណាអោយវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានិងការវិវឌ្ឍន៍នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕







