ការចាយវាយមិនប្រើក្រដាសប្រាក់កាន់តែសំខាន់ និងពេញនិយមកាន់តែខ្លាំង

        ដោយៈលក្ខិណា

ភ្នំពេញៈ  នៅក្នុងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ចុងក្រោយនេះ មនុស្សកាន់តែខ្លាចមនុស្ស ហើយកាន់តែលែងចង់ប៉ះពាល់របស់អ្វីពីគ្នាឡើយ ជាពិសេសរបស់របរប្រើប្រាស់រួមគ្នា ក្នុងក្រដាសប្រាក់គឺជាវត្ថុដែលជាចរាចរណ៍ពីម្នាក់ទៅម្នាក់ជាច្រើននាក់ក្នុងមួយថ្ងៃ។

តាមរយៈការចាយវាយដូច្នេះ ជាការព្រួយបារម្ភមួយសម្រាប់ការឆ្លងជំងឺនេះ ។ ការចាយវាយ ដោយមិនប្រើក្រដាសប្រាក់ កាន់តែមានសារសំខាន់នៅក្នុងស្ថានភាពបច្ចុប្បន្ន​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការកត់សម្កាល់ នៅក្នុងបរិបទនៃការជំងឺរាលដាលនេះ ការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋពីការចាយវាយ ដោយប្រើក្រដាសប្រាក់ទៅជាការចាយវាយ តាមប្រព័ន្ធឌីជីថលកាន់តែមានកំណើន និងមានការគាំទ្រច្រើនឡើង ជាពិសេសនោះគឺការស្កែនQR Code ដើម្បីទូទាត់ ដែលជាមធ្យោបាយដ៏សំខាន់ ក្នុងការទប់ស្កាត់ការឆ្លងនៃមេរោគកូវីដ១៩ផងដែរ។

នៅតាមហាងកាហ្វេ ភោជនីយដ្ឋាន និងកន្លែងបម្រើសេវាកម្ម ព្រមទាំងកន្លែងលក់ផលិតផលជាច្រើនទៀត បានបំពាក់ប្រព័ន្ធ QR Code ដើម្បីឱ្យអតិថិជនរបស់ខ្លួនអាច     ស្កែន ដើម្បីទូទាត់ការចំណាយរបស់អតិថិជន ជំនួសឱ្យការចាយវាយនូវក្រដាសប្រាក់ដែលអាចជាភ្នាក់ងារក្នុងការឆ្លងជំងឺកូវីដ១៩ផងដែរ ។

បើតាមអាជីវករមួយចំនួនបាននិយាយថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ នៅក្នុងប្រទេ​សកម្ពុជា មកប្រជាពលរដ្ឋដែលចាយវាយ ដោយប្រើក្រដាសប្រាក់កាន់តែមានតិច ដោយពួកគេជំនួសមកវិញដោយការស្កែនកូដ ដើម្បីទូទាត់ ព្រោះវាចំណេញពេលវេលា លឿនរហ័ស និងមិនខ្លាចឆ្លងកូវីដ១៩ផងដែរ ។ សម្រាប់អ្នកចាយវាយក្រដាសប្រាក់នៅតែមានតែមានចំនួនតិចតួចប៉ុណ្ណោះនៅបណ្ដាហាងមួយចំនួន ។

អ្នកគ្រប់គ្រងហាងកាហ្វេមួយ នៅក្នុងផ្សារទំនើបជីបម៉ុង សាខាបាក់ទូកបាននិយា​យថា អ្នកដែលចូលមកទទួលទានអាហារ និងកាហ្វេនៅក្នុងហាងរបស់ខ្លួន គឺភាគច្រើនទូទាត់ដោយការស្កែន ដូច្នេះហើយទើបម្ចាស់ហាងតម្រូវឱ្យបំពាក់ប្រព័ន្ធQR Code ជាច្រើនធនាគារ ដើម្បីឱ្យអតិថិជនរបស់ធនាគារទាំងនោះ អាចចូលមកពីសាអាហារហើយអាចទូទាត់ដោយមិនប្រើក្រដាសប្រាក់ ដូច្នេះវាអាចកាត់បន្ថយការប៉ះពាល់ផ្ទាល់រវាងបុគ្គលិកនិងអតិថិជនបានមួយកម្រិតផងដែរ ។

នៅក្នុងបរិបទនេះដែរ បណ្ដាធនាគារជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏បានធ្វើបច្ចុប្បន្នApp សម្រាប់ទូទាត់របស់ខ្លួនកាន់តែទំនើប និងរហ័ស ដើម្បីឱ្យអតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការប្រើប្រាស់ដែលជាការជំរុញឱ្យអតិថិជន ចង់ប្រើប្រាស់សម្រាប់ចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលកំពុងតែរាលដាលកាន់តែខ្លាំងនៅក្នុងសហគមន៍កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here