ដោយៈ សាវុធ
ភ្នំពេញៈ លោកឃាង ភារម្យអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានលើកឡើងថា ការចាក់កៅស៊ូផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុសម្រេចបានជាង៩០ភាគរយ ហើយរំពឹងទុកថានឹងត្រូវបញ្ចប់តាមការគ្រោងទុក ទោះបីមានព្រឹត្តិការណ៍២០កុម្ភៈក៏ដោយ។

លោកបានឱ្យដឹងនៅថ្ងៃទី១២ ខែមីនានេះថា ទន្ទឹមនឹងមានការបិទមិនឲ្យចេញ-ចូលក្នុងខេត្ត ដោយលើកលែងឲ្យតែដំណើរការដឹកជញ្ជូនទំនិញនោះ ខេត្តព្រះសីហនុ មិនបានបិទច្រកសេដ្ឋកិច្ចខេត្តនោះទេ ស្របពេលមានការទប់ស្កាត់ជំងឺកូវីដ១៩ ឃើញថា ទាក់ទងនឹងការអនុវត្តវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជាង៣៤ខ្សែ គឺមានការដំណើរការជាធម្មតា។
លោកបញ្ជាក់ទៀតថា បើយោងតាមភាគរយៈជាកស្ដែងនៃ
ការសាងសង់ផ្លូវទាំង៣៤ខ្សែនេះ បច្ចុប្បន្នសម្រាប់ផ្លូវបេតុង គឺបានសម្រេច១០០ភាគរយហើយ ការចាក់កៅស៊ូ គឺបានជាង៩០ភាគរយ និងការងារផ្សេងៗដែលនៅសល់នោះ គឺដូចជាការបំពាក់កាំមេរ៉ាសុវត្ថិភាព គំនូសចរាចរណ៍ រួមទាំងស្លាកសញ្ញាចរាចរណ៍។ លោករំពឹងថា នឹងអាចបញ្ចប់តាមគម្រោង នៅពេលមុនពិធីបុណ្យ
ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

លោកបានបន្ថែមថា ចំពោះការរៀបចំឆ្នេរនៅតាមតំបន់មួយចំនួនក្នុងខេត្ត ដូចជា ក៏មានដំណើរការរៀបចំជាធម្មតាផងដែរ ព្រោះថា ដោយសារតែការរៀបចំឆ្នេរនេះ បានអនុវត្តទៅតាមគម្រោង ដែលបានដាក់ចេញនាពេលកន្លងមក ដូច្នេះគឺមិនមានការផ្អាកដំណើរការនោះទេ។
លោកបានថ្លែទៀតថា “ក្នុងស្ថានភាពនេះប្រសិនបើយើង ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល រួមទាំងការអំពាវនាវរបស់ខេត្ត និងប្រជាពលរដ្ឋមិនមានការចល័ត ហើយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលលោកបានដាក់ចេញ ៣កុំ និង៣ការពារ នោះនឹងផ្ដល់ភាពងាយស្រួល ដល់ការគ្រប់គ្រងពីស្ថានភាពដ៏អាក្រក់នេះបានផងដែរ”។
លោកឱ្យដឹងទៀតថា ស្របពេលដែលវិស័យផ្សេងៗ ដំណើរការធម្មតាក៏ពិតមែន តែក្នុងនោះមានវិស័យសាងសង់សំណង់ក្នុងខេត្ត មានការផ្អាកដំណើរការ ហើយក្នុងនោះនៅមានទីតាំងតិចបំផុតនៅដំណើរការប៉ុណ្ណោះ។ ការផ្អាកដំណើរការសាងសង់សំណង់នេះដែរ បន្ទាប់ពីមានការអំពាវនាវរបស់រដ្ឋបាលខេត្ត ដែលបានសូមឲ្យប្រជាពលរដ្ឋកុំចាក់ចេញ ឬធ្វើការចល័តទៅតាមទីតាំង ដែលមានការប្រមូលផ្ដុំផ្សេងៗ លើកលែងតែមានករណីណាមួយដែលចាំបាច់៕







