អ្នកជំនាញៈ កម្ពុជានៅតែទទួលបានការវិនិយោគបង្កើតរោងចក្រថ្មីៗក្នុងវិបត្តិកូវីដ១៩នេះ

ដោយៈ លក្ខិណា

ភ្នំពេញៈ អ្នកជំនាញនៃវិស័យអចលនទ្រព្យ នៅក្នុងវិបត្តិជំងឺកូវីដ១៩ ជាពិសេស ក្នុងពេលកម្ពុជាកំពុងមានការរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩នេះ គម្រោងវិនិយោគទៅលើរោងចក្រ ដែលជាផែនការវិនិយោគក្នុងរយៈពេលយូរនៅតែបន្តដាក់ទុនវិនិយោគជាបន្តបន្ទាប់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេតបានឱ្យដឹងតាមទូរសព្ទនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា នៅក្នុងដំណាក់កាលនេះ យើងបានមើលឃើញថា ការវិនិយោគទៅលើរោងចក្រដូចជាការទិញដីសម្រាប់សង់រោងចក្រ និងការសង់ឃ្លាំងសម្រាប់ជួលបម្រើក្នុងវិស័យឧស្សាហកម្មកាត់ដេរ នៅតែមានកំណើនជាក់ស្ដែងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញប្រកាសជាហូរហែពីការវិនិយោគលើវិស័យរោងចក្រនេះ ។

លោកបានឱ្យដឹងទៀតថា “នៅក្នុងពេលនេះ វិស័យដែលសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជាគឺនៅតែជាវិស័យឧស្សាហកម្មកាត់ដេរ ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងសម្រួលដល់ការវិនិយោគសម្រាប់វិស័យនេះនិងវិស័យផ្សេងៗជាច្រើនទៀត”។

លោកបន្ថែមថា សម្រាប់វិស័យអចលនទ្រព្យទាំងមូលវិញ លោកមើលឃើញថាវានៅតែមានបញ្ហាក្រោយពេលដែលកម្ពុជាបានជួបនឹងបញ្ហាព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ ដោយមានការឆ្លងជំងឺកូវីដ១៩កាន់តែច្រើន។

ទោះយ៉ាងណាលោកមានជំនឿថា រដ្ឋាភិបាលនឹងអាចបញ្ចប់យ៉ាងយូរត្រឹមដំណាច់ខែមីនានេះ ឬដើមខែមេសា នឹងអាចធ្វើឱ្យវិស័យអចលនទ្រព្យមានសន្ទុះឡើងវិញ នៅឆមាសទី២នៃឆ្នាំ ២០២១។

លោកបន្ថែមទៀតថា កាលពីចុងឆ្នាំ២០២០ អ្នកវិនិយោគ ក៏ដូចជាអ្នកជំនាញនៃវិស័យអចលនទ្រព្យ ហាក់ មានការរំពឹងខ្ពស់ពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យនៅក្នុងឆ្នាំ២០២១ ដោយសារតែអំឡុងពេលនោះ ស្ថានភាពកូវីដ១៩ នៅកម្ពុជាមានភាពស្ងប់ស្ងាត់ សកម្មភាពសេដ្ឋកិច្ចចាប់ផ្ដើមកម្រើក ហើយវិនិយោគិនមួយចំនួនក៏ចាប់ផ្ដើមសម្លឹងទៅរកការចាប់ផ្ដើមអភិវឌ្ឍឡើងវិញ។

ប៉ុន្តែថ្មីៗនេះ ដោយសារតែព្រឹត្តិការណ៍២០កុម្ភៈ ធ្វើឱ្យសកម្មភាពទាំងនោះក៏ថមថយវិញ តែយ៉ាងណា ដោយសារតែយើងមានវ៉ាក់សាំងរួចហើយ ដូច្នេះព្រឹត្តិការណ៍នឹងអាចបញ្ចប់ទៅវិញ ។

លោកបានបញ្ជាក់ថា អ្វីដែលពលរដ្ឋត្រូវធ្វើនៅពេលនេះ គឺការស្ដាប់ការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជារដ្ឋាភិបាលក្នុងការចូលរួមទប់ស្កាត់ការឆ្លងកាន់តែច្រើននៅក្នុងសហគមន៍ ដែលនាំឱ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរថែមទៀត ។

លោកង៉ែត ជូវិនិយោគិនអចលនទ្រព្យមួយរូបក៏បានលើកឡើងថា ការអភិវឌ្ឍដែលមានផែនការយូរអង្វែងមិនគួរត្រូវបានពន្យារឬផ្អាកសកម្មភាពនៅក្នុងវិបត្តិកូវី១៩នេះទេ។ សកម្មភាពទាំងនោះ នឹងនៅតែបន្ត ដើម្បីបញ្ចប់គម្រោងអភិវឌ្ឍន៍របស់ខ្លួន សម្រាប់ផ្ដល់សេវាជូនដល់អតិថិជនក្រោយចប់វិបត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here