អាស៊ានចាត់ទុកមហាយក្សចិនជាអ្នកផ្ដល់ជំនួយធំបំផុតរបស់ខ្លួន អំឡុងវិបត្តិកូវីដ-១៩

ដោយៈ សុខុម

សិង្ហបុរីៈ បណ្ដាប្រទេសជាសមាជិកអាស៊ាន បានដាក់ចំណាត់ថ្នាក់វិបត្តិកូវីដ-១៩ ថាជាក្តីបារម្ភដ៏ធំបំផុតរបស់ខ្លួនសម្រាប់ឆ្នាំ២០២០ ហើយបានដាក់ចំណាត់មហាយក្សចិនលេខ១ ក្នុងចំណោមដៃគូសន្ទនារបស់ខ្លួនដែលបានផ្តល់ជំនួយច្រើនបំផុតដល់អាស៊ាន។

យោងតាមគេហទំព័រ Philstar ចុះផ្សាយកាលពីថ្ងៃទី៨ ខែមីនា។
នេះបើយោងតាមរបាយការណ៍ស្ទង់មតិរដ្ឋជាសមាជិកអាស៊ាន ឆ្នាំ២០២១ (2021 State of Southeast Asia Survey Report) របស់មជ្ឈមណ្ឌលសិក្សាពីអាស៊ាន (ASEAN Studies Centre) នៃវិទ្យាស្ថាន ISEAS-Yusof Ishak Institute ក្នុងប្រទេសសិង្ហបុរី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការស្ទង់មតិថ្នាក់តំបន់នេះបានបង្ហាញថា អ្នកឆ្លើយសំណួរ៦០,៧% ដែលមកពីប្រទេសទាំង១០ ជាសមាជិកអាស៊ាន បានសម្ដែងការពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលខ្លួននៅក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩។ ហើយសម្រាប់អ្នកឆ្លើយសំណួរមកពីប្រទេសហ្វីលីពីន មាន៥៣,៧% មិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលខ្លួនឡើយនៅក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩។

ការស្ទង់មតិនេះបានលាតត្រដាងថា “ក្នុងចំណោមដៃគូសន្ទនាទាំង១០ របស់អាស៊ាន ប្រទេសចិន ត្រូវគេមើលឃើញថាបានផ្តល់ជំនួយច្រើនបំផុតដល់តំបន់ អំឡុងពេលឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដោយចំនួន ៤៤,២% នៃអ្នកឆ្លើយសំណួរជ្រើសរើសប្រទេសចិន១៨,២% ជ្រើសរើសប្រទេសជប៉ុន និង១០,៣% ជ្រើសរើសសហភាពអឺរ៉ុប”។

លើកលែងតែអ្នកឆ្លើយសំណួរមកពីវៀតណាម ដែលចំនួន២៩,៧% បានចាត់ថ្នាក់សហរដ្ឋអាមេរិក ជាប្រទេសផ្ដល់ជំនួយច្រើនបំផុត ហើយ២៩,១% ជ្រើសរើសជប៉ុន និង១៣,៧% ជ្រើសរើសប្រទេសចិន។

ទន្ទឹមនេះអ្នកឆ្លើយសំណួរមកពីប្រទេសមីយ៉ាន់ម៉ា ក៏មិនបានចាត់ថ្នាក់ប្រទេសចិនលេខ១ នោះដែរ ដោយ៤១% ជ្រើសរើសប្រទេសជប៉ុន ថាជាអ្នកដែលផ្តល់ជំនួយច្រើនជាងគេ ហើយ២០,៩% ជ្រើសរើសប្រទេសចិន។

អ្នកឆ្លើយសំណួរមកពីប្រទេសហ្វីលីពីន២០,៩% បានជ្រើសរើសប្រទេសចិន ថាជាអ្នកផ្ដល់ជំនួយច្រើនជាងគេ ហើយ១៦,៤% ជ្រើសរើសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ការស្ទង់មតិតាមអនឡាញនេះត្រូវបានធ្វើឡើងពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ហើយត្រូវបានធ្វើឡើងជា៣ ភាសាគឺអង់គ្លេស ឥណ្ឌូនេស៊ី និងវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here