ដោយៈ សុខុម
ហុងកុងៈ គម្រោងអចលនទ្រព្យ២ផ្សេងគ្នាក្នុងក្រុងហុងកុង លក់ដាច់ខុសគ្នាដូចមេឃដី ខណៈអ្នកទិញកាន់តែឆ្លាតជាងមុនក្នុងទិញអចលនទ្រព្យ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីចុងសប្ដាហ៍កកន្លងទៅ។
អ្នកទិញហាក់សិក្សាយ៉ាងល្អិតល្អន់ មុននឹងឈានដល់ការសម្រេចចិត្តជ្រើសរើសគម្រោងណាមួយក្នុងចំណោមគម្រោងទាំង២នេះ ដែលបានដាក់លក់លើទីផ្សាររយៈពេលយ៉ាងតិច៩ខែមកហើយ។
នៅឧទ្យាន Lohas Park ក្នុងតំបន់ Tseung Kwan O ក្រុមហ៊ុន CK Asset Holdings លក់ខុនដូចេញបានរហូតដល់១១៧យូនីត ក្នុងចំណោម១៥៩យូនីតនៅក្នុងគម្រោង Sea to Sky Project ដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន MTR Corporation។ អ្នកទិញហាក់មិនសូញសាញចំពោះការឡើងថ្លៃ១២% លើតម្លៃជាមធ្យមឡើយ ព្រោះគម្រោងនេះបានប្រកាសលក់តាំងពីខែមិថុនា ឆ្នាំ២០២០ មកម៉្លេះ។
ដោយឡែកនៅតំបន់ Tuen Mun ឯណោះវិញ អ្នកទិញហាក់មិនចាប់អារម្មណ៍ទិញខុនដូក្នុងគម្រោង Emerald Bay Project របស់ក្រុមហ៊ុន China Evergrande Group ឡើយ ដោយខុនដូក្នុងគម្រោងនេះលក់បានតែ១៣យូនីតប៉ុណ្ណោះ ក្នុងចំណោមខុនដូ ដែលនៅសេសសល់២៦៩យូនីត ក្រោយចាប់ផ្ដើមប្រកាសលក់ក្នុងខែតុលា ឆ្នាំ២០១៩។
លោក Sammy Po នាយកផ្នែកគម្រោងលំនៅដ្ឋាននៃក្រុមហ៊ុន Midland Realty បានលើកឡើងថា គម្រោង Sea to Sky លក់ដាច់ខ្លាំងណាស់។ លោកបានបញ្ជាក់ថា ខុនដូដែលមាន២បន្ទប់ លក់ដាច់គ្មានសល់ គឺនៅសល់តែខុនដូដែលមាន៣បន្ទប់ប៉ុណ្ណោះ។
យោងតាមការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារអចលនទ្រព្យ Ricacorp Properties ឱ្យដឹងថា លទ្ធផលលក់ដាច់ខុសគ្នាដូចមេឃដីក្នុងគម្រោងទាំង២នេះ បានបង្ហាញថា អ្នកទិញកាន់តែឆ្លាតវៃជាងមុន ខណៈខុនដូថ្មីៗប្រហែលជាកើនឡើងចន្លោះពី២០.០០០យូនីត ទៅ៣៦.៩១៩យូនីត។ ខុនដូដែលនៅសេសសល់ អតិថិជនមិនសូវចាប់អារម្មណ៍នោះទេ ដោយសារខុនដូទាំងនោះទំនងជាថ្លៃជាងគម្រោងចាប់ផ្ដើមថ្មី ដែលលក់បញ្ចុះតម្លៃច្រើន។
លោក Sammy Po បានបន្ថែមថា ខុនដូដែលលក់មិនដាច់អំឡុងពេលបើកលក់ ក៏ទំនងជាដោយសារមានតម្លៃថ្លៃជាង និងតម្រូវឱ្យបង់រំលស់ច្រើនផងដែរ។
តាមការរំពឹងទុកថា ខុនដូចន្លោះពី២.០០០យូនីត ទៅ២.៥០០យូនីតទំនងជានឹងលក់ចេញនៅក្នុងខែ
មីនា នេះ។ គម្រោងដែលទទួលបានការចាប់អារម្មណ៍ជាងគេទំនងជាគម្រោង Grand Victoria នៅតំបន់ Kowloon ជាគម្រោងរួមអភិវឌ្ឍដោយក្រុមហ៊ុនចំនួន៥ រួមមានក្រុមហ៊ុន Wheelock Properties ក្រុមហ៊ុន Sino Land និងក្រុមហ៊ុន K Wah International ផងដែរ។ គម្រោងនេះទទួលបានភ្ញៀវរហូតដល់ទៅ ៥.០០០ នាក់ឱ្យចូលរួមក្នុងពិធីតាំងបង្ហាញខុនដូរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ហើយក្នុងនោះក៏រួមទាំងតារាទូរទស្សន៍ Tsui Wing ផងដែរ។
តម្លៃជាធម្យមនៅក្នុងគម្រោង Sea to Sky បានឡើងដល់១៧.៧៩៧ដុល្លារហុងកុង (២.៣០០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ បន្ទាប់ពីបញ្ចុះតម្លៃ១៨%។ តម្លៃបើកលក់ដំបូងកាលពីឆ្នាំមុនគឺត្រឹមតែ១៥.៨២៣ដុល្លារហុងកុង (២.០៤០ ដុល្លារអាមេរិក)៕







