ដោយៈ ម៉ាណេត
ភ្នំពេញៈ ទំហំមូលធនូបនីយកម្មទីផ្សារសរុប (Market Cap.) នៅចុងត្រីមាសទី៤ ឆ្នាំ២០២០ មានតម្លៃប្រហែល២,៤៣ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការមូលបត្រកម្ពុជា (SECC) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។
មូលធនូបនីយកម្មទីផ្សារ មានន័យថា គឺជាផលបូកនៃមូលធនូបនីយកម្ម នៃក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនីមួយៗ ដែលមូលធនូបនីយកម្ម នៃក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនីមួយៗ ស្មើនឹងផលគុណនៃថ្លៃបិទជាមួយនឹងចំនួនភាគហ៊ុន ដែលបានចុះបញ្ជីលក់នៅផ្សារមូលបត្រកម្ពុជា។
របាយការណ៍បានឱ្យដឹងថា ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន៣.៦៥៥.៩៣៦ភាគហ៊ុន បានកើនឡើងប្រមាណ៧% ប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២០ ដែលមានទំហំជួញដូរសរុបចំនួន៣.៤២១.៩២៥ភាគហ៊ុន។
តម្លៃជួញដូរមូលបត្រសរុប មានតម្លៃប្រហែល៣,៤១លានដុល្លារ ថយចុះប្រមាណ ៥៤% ប្រៀបធៀបជាមួយនឹងត្រីមាសទី៣ ឆ្នាំ២០២០។ ចំពោះទំហំជួញដូរជាមធ្យមប្រចាំថ្ងៃមានចំនួន៥៩.៩៣៣ភាគហ៊ុន ដែលមានតម្លៃប្រមាណ២២៦,៤៤ លានរៀល (ប្រហែលនឹង៥៥.៩៧៩ ដុល្លារអាមេរិក)។
ចំណែកឯបញ្ជាទិញមានចំនួន១០,៥៤លានភាគហ៊ុន ខណៈដែលបញ្ញាលក់មានចំនួន១៣,៤៦លានភាគហ៊ុន ដែលបញ្ជាទិញកើនឡើងចំនួន២៦% និងបញ្ហាលក់កើនឡើងចំនួន៣០% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២០។
លោកស៊ូ សុជាតិអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានថ្លែងថា ព្រឹត្តិបត្រទិន្នន័យជួញដូរមូលមត្រ ត្រូវបានរៀបរៀង និងបោះផ្សាយជាទៀងទាត់ រៀងរាល់មួយត្រីមាសម្តង ដោយផ្អែកលើទិន្នន័យជួញដូរមូលបត្រជាក់ស្តែង នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (គ.ម.ក.) ដែលជាទីផ្សារប្រតិស្រុតទទួលបានការអនុញ្ញាតពី គ.ម.ក.។
លោកបានថ្លែងថា “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិន សាធារជន ស្ថាប័នស្រាវជ្រាវ អ្នកវិនិយោគឯករាជ្យ និងតួអង្គពាក់ព័ន្ធផ្សេងទៀត នឹងយកទិន្នន័យ ដែលមាននៅក្នុងព្រឹត្តិបត្រនេះ ទៅប្រើប្រាស់ ឬវិភាគប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ ជៀសវាងការមកស្រាយខុសពីខ្លឹមសារពិត ដែលអាចនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ និងអាចធ្វើឱ្យមានខាតបង់ដល់វិនិយោគិន”៕







