ដោយៈលក្ខិណា
ភ្នំពេញៈ ការអភិវឌ្ឍរាជធានីភ្នំពេញ ត្រូវបានមើលឃើញថាកំពុងរីកសាយបន្តិចម្ដងៗ ពីមួយឆ្នាំៗទៅមួយឆ្នាំ ហើយតំបន់ខ្លះដែលពីមុន គ្រាន់តែជាតំបន់វាលស្រែ តំបន់បឹង បានក្លាយជាតំបន់អភិវឌ្ឍន៍ដ៏ទាក់ទាញ ជាក់ស្ដែងតំបន់ទួលពង្របាន និងកំពុងក្លាយជាតំបន់លំនៅឋានដ៏មានប្រជាប្រិយភាព។

ជាការកត់សម្គាល់ តំបន់ទួលពង្រគេឃើញមានម្ចាស់បុរីលំនៅឋាន ជាច្រើនបានបន្តអភិវឌ្ឍន៍ ហើយតម្លៃក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ ដែលធ្វើឱ្យតំបន់នេះបានប្រែក្លាយពីតំបន់ឧស្សាហកម្ម រោងចក្រ និងតំបន់វាលស្រែ ទៅជាតំបន់ដែលពោរពេញ ទៅដោយសំណង់លំនៅឋានដ៏គួរឱ្យទាក់ទាញ ជាមួយនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កាន់តែច្រើននិងកាន់តែធំជាងមុន ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានឱ្យដឹងថា តំបន់ណាដូចតំបន់ណាដែរ នៅពេលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានស្អាតល្អ និងច្រើនកន្លែង នោះនឹងមានការទាក់ទាញ ដល់ការវិនិយោគហើយវិនិយោគិនក៏ចាប់អារម្មណ៍ក្នុងការដាក់ទុនផងដែរ ។
នៅក្នុងតំបន់ទួលពង្រ រដ្ឋាភិបាលបានពង្រីកការតភ្ជាប់តំបន់នេះ ទៅកាន់ផ្លូវសំខាន់ៗជាច្រើនដូចជាផ្លូវភ្ជាប់ទៅកាន់ផ្លូវជាតិលេខបី ផ្លូវវេងស្រេង និងផ្លូវចំការដូងទៅផ្លូវជាតិលេខ២ ព្រមទាំងហេដ្ឋារចនាសម្ព័នេះខ្វាត់ខ្វែងជាច្រើនទៀត ។
លោកបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia កន្លងមកក៏បានលើកឡើងពីសក្ដានុពលអភិវឌ្ឍន៍ ក្នុងទឹកដីតំបន់ទួលពង្រនេះដែរ ដោយបានបញ្ជាក់ថា នៅថ្ងៃអនាគតតំបន់នោះ នឹងក្លាយជាតំបន់លំនៅឋាន ហើយតម្លៃលំនៅឋានប្រាកដជាឡើងថ្លៃ ដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍជាបន្តបន្ទាប់ពីសំណាក់វិនិយោគិន។
លោកបន្តថា “សក្ដានុពលអភិវឌ្ឍន៍រាជធានីភ្នំពេញ នឹងកាន់តែរីកសាយ ហើយតម្លៃដីក៏កាន់តែកើនឡើង ដូច្នេះពលរដ្ឋដែលមានជីវភាពសមរម្យ មិនមានលុយទិញផ្ទះជិតក្រុង អាចទៅរកតំបន់ដែលនៅឆ្ងាយក្រុង ដោយទិញជាដីឡូត៏សម្រាប់សង់ផ្ទះនៅពេលអនាគត ឬទិញផ្ទះរបស់ក្រុមហ៊ុនណាមួយនៅឆ្ងាយពីរាជធានី”។ លោកបន្តថា “សកម្មភាពនេះ នឹងនៅតែមានបន្តបន្ទាប់ទៀត ដោយសារតែការអភិវឌ្ឍរបស់កម្ពុជានឹងនៅតែមាន ជាពិសេសក្រោយពេលចប់វិបត្តិកូវីដ ព្រោះបើប្រៀបធៀបនឹងប្រទេសជិតខាងការអភិវឌ្ឍរបស់កម្ពុជានៅក្រោយគេនៅឡើយ”៕







