ដោយៈសុខុម
អាមេរិកៈ ពាក្យចាស់ពោលថា “ដំរីជើង ៤ គង់មានភ្លាត់ អ្នកប្រាជ្ញាចេះស្ទាត់គង់តែមានភ្លេច”។ សុភាសិតនេះចង់សំដៅថា ទោះបីជាអ្នកឆ្លាតយ៉ាងណា ពូកែយ៉ាងណា ក៏គង់តែភ្លាត់ស្នៀត ឬដើរខុសដោយជៀសមិនផុត នៅក្នុងជីវិតមនុស្សម្នាក់ៗគ្រាន់តែច្រើន ឬតិច ធ្ងន់ ឬស្រាលប៉ុណ្ណោះ។

តួយ៉ាង សូម្បីកំពូលមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក Warren Buffett ដែលជាស្ថាបនិកក្រុមហ៊ុនសាជីវកម្មBerkshire Hathaway ដែលគេចាត់ទុកស្ថិតក្នុងចំណោមវិនិយោគិនជោគជ័យបំផុត ក្នុងពិភពលោកក៏ដើរខុសដែរ ថែមទាំងខុសធ្ងន់ បណ្ដាលឱ្យខាតបង់ធ្ងន់កទៀតផង។
កាលពីថ្ងៃសៅរ៍ ទី២៧ កុម្ភៈ មហាសេដ្ឋីជនជាតិអាមេរិក វ័យ៩០ឆ្នាំបានទម្លាយឱ្យដឹងថា លោក “បានចំណាយប្រាក់ច្រើនពេក” នៅពេលក្រុមហ៊ុន Berkshire របស់លោកបោះទុនរហូតដល់ទៅ៣២,១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ ដើម្បីទិញយកក្រុមហ៊ុនផលិតគ្រឿងបន្លាស់យន្តហោះ និងគ្រឿងបន្លាស់សម្រាប់ទំនិញឧស្សាហកម្ម Precision ដែលជាការទិញយកធំបំផុតរបស់ខ្លួន។
ក្រុមហ៊ុន Berkshire បានខាតបង់ធ្ងន់ករហូតដល់៩,៨ពាន់លានដុល្លារ ដោយសារតម្លៃរបស់ក្រុមហ៊ុន Precision បានដាំក្បាលចុះ ខណៈការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យតម្រូវការធ្វើដំណើរតាមផ្លូវអាកាស និងផលិតផលរបស់ក្រុមហ៊ុននេះនៅក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិកធ្លាក់ចុះខ្លាំង។
នៅក្នុងលិខិតប្រចាំឆ្នាំរបស់លោក ផ្ញើរទៅកាន់ក្រុមវិនិយោគិន លោក Buffett គូសបញ្ជាក់ថា លោកបានទិញយក “ក្រុមហ៊ុនដ៏ល្អមួយ គឺល្អបំផុតនៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុននោះ” ហើយក្រុមហ៊ុន Berkshire “មានសំណាង” ដែលអាចរក្សាទុកលោក Mark Donegan នាយកប្រតិបត្តិក្រុម Precision ឱ្យនៅទទួលខុសត្រូវដដែល។
ប៉ុន្តែលោកBuffett បានបានបន្តថា លោក “មានសុទិដ្ឋិនិយមខ្លាំងពេក ចំពោះសក្តានុពលប្រាក់ចំណេញរបស់ក្រុមហ៊ុនPrecision”។ លោកបន្ថែមថា ក្រុមហ៊ុន Precision បានកាត់បន្ថយបុគ្គលិកជាង១៣.៤០០នាក់ ឬស្មើនឹង៤០%នៃកម្លាំងពលកម្មរបស់ខ្លួននៅក្នុងឆ្នាំ២០២០ ហើយទើបតែចាប់ផ្តើមចំណេញតិចៗមកវិញ កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។
លោក Buffett ទទួលស្គាល់ថា “ខ្ញុំបានវិនិច្ឆ័យខុសពីចំនួនមធ្យម នៃប្រាក់ចំណូលនាពេលអនាគត ដូច្នេះធ្វើឱ្យខ្ញុំគណនាខុសពីតម្លៃសមរម្យ ក្នុងការទិញយកអាជីវកម្មនេះ។ កំហុសរឿងក្រុមហ៊ុន Precision គឺធំណាស់”៕







