ដោយៈសុខុម
ក្រុងឡុងដ៏: របាយការណ៍ថ្មីមួយ ដែលបានបញ្ចេញនៅថ្ងៃច័ន្ទ ទី២២ កុម្ភៈ បានព្យាករថា ការបែងចែកភាគលាភ ឬចំណែកប្រាក់ចំណេញ (Dividend) ដល់ភាគហុនិកអាចកើនឡើងរហូតដល់៥% នៅឆ្នាំ២០២១ បន្ទាប់ពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យការបែងចែកភាគលាភធ្លាក់ចុះខ្លាំង បំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុកាលពីជាងមួយទសវត្សរ៍មុន។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែលឱ្យដឹថា ការបែងចែកភាគលាភដល់ភាគហ៊ុនិក របស់ក្រុមហ៊ុននានា បានដាំក្បាលចុះរហូតដល់ទៅជាង១០% ក្នុងឆ្នាំ២០២០ នៅពេលក្រុមហ៊ុន១ ក្នុងចំណោម៥ បានកាត់បន្ថយភាគលាភ ហើយ១ក្នុងចំណោម៨ បានលុបចោលការបែងចែកតែម្ដង។
សន្ទស្សន៍ភាគលាភពិភពលោក (Global Dividend Index) របស់ក្រុមហ៊ុនអង់គ្លេស Janus Henderson បង្ហាញថា ការកាត់បន្ថយការបែងចែកភាគលាភ ដល់ភាគហ៊ុនិកចន្លោះពីខែមេសា ដល់ខែធ្នូ ក្នុងឆ្នាំ២០២០ មានចំនួនសរុប២២០ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែពេលនេះមានសញ្ញាវិជ្ជមានបង្ហាញថា ក្រុមហ៊ុននានាកំពុងចាប់ផ្ដើមបែងចែកភាគលាភវិញខ្លះៗហើយ។
របាយការណ៍ដដែលនេះប្រមានថា ភាគលាភនៅតែអាចមានឱកាសធ្លាក់ចុះ២% ក្នុងសេនារីយ៉ូអាក្រក់បំផុត។ ប៉ុន្តែបើក្នុងសេនារីយ៉ូល្អបំផុត ភាគលាភអាចនឹងទទួលបានកំណើនរហូតដល់៥% ក្នុងឆ្នាំ២០២១ នេះ។
របាយការណ៍នេះបានបន្ថែមទៀតថា ភាគលាភក្នុងវិស័យធនាគារ ទំនងជានឹងកើនឡើងក្នុងឆ្នាំ២០២១ ក្រោយពីធនាគារកណ្ដាលអឺរ៉ុប (European Central Bank) និងធនាគារកណ្ដាលអង់គ្លេស (Bank of England) បានបន្ធូរបន្ថយបម្រាមសម្រាប់អ្នកខ្ចីលើការបែងចែកភាគលាភ។ បម្រាមទាំងនេះ ត្រូវបានដាក់អំឡុងរលកទី១ នៃវិបត្តិកូវីដ-១៩ ដើម្បីត្រៀមលក្ខណៈបង្ការទុកមុន ក្នុងករណីបំណុលខូច (bad loan) កើនឡើង។
ធនាគារ Barclays និងធនាគារ NatWest ដែលជាអ្នកខ្ចីប្រាក់ពីធនាគារកណ្ដាលអង់គ្លេស បានបន្តបែងចែងភាគលាភវិញហើយនៅខែនេះ។
យោងតាមរយបាយការណ៍ដែលឱ្យដឹងថា កាលពីឆ្នាំមុន បម្រាមលើការបែងចែកភាគលាភ បានធ្វើឱ្យធនាគារនានាកាត់បន្ថយ ឬលុបចោលការបែងចែកភាគលាភសរុប ៧០ពាន់លានដុល្លារអាមេរិកនៅទូទាំងពិភពលោក៕







