ដោយៈសុខុម
ញូវយ៉ក: តម្លៃសរុបនៃរូបិយប័ណ្ណអេឡិចត្រូនិក ឬហៅថា កាក់ឌីជីថល Bitcoin នៅក្នុងទីផ្សារទូទាំងពិភពលោក បានឈានដល់១ទ្រីលានដុល្លារអាមេរិក ដែលជាតួលេខគួរឱ្យភ្ញាក់ផ្អើល នៅពេលតម្លៃរបស់វាបានហក់ឡើងខ្ពស់ មិនធ្លាប់មានសាជាថ្មីកាលពីថ្ងៃសុក្រ ទី១៩ កុម្ភៈ។នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២០ កុម្ភៈ។

កាក់ឌីជីថល Bitcoin ដែលជារូបិយប័ណ្ណអេឡិចត្រូនិក ដ៏ពេញនិយមបំផុតរបស់ពិភពលោក បានហក់ឡើងខ្ពស់មិនធ្លាប់មានជាប្រវត្តិសាស្ត្រ។ វាបានហក់ឡើងក្នុងអត្រាប្រចាំសប្ដាហ៍១៣% និងបានហក់ឡើងប្រមាណ៦៦% គិតមកទល់នឹងខែនេះ។ លើកចុងក្រោយនេះ វាបានហក់ឡើង៦,៨% ដល់៥៥.០៧៩ដុល្លារអាមេរិក ក្នុងមួយកាក់ Bitcoin។
ការឡើងថ្លៃខ្ពស់នៃកាក់ឌីជីថលBitcoin គឺដោយសារមានសញ្ញាបង្ហាញថា វាកំពុងទទួលបានការពេញនិយមខ្លាំង ក្នុងចំណោមវិនិយោគិន និងក្រុមហ៊ុនធំៗនានារាប់ចាប់ពីក្រុមហ៊ុនTesla របស់កំពូលមហាសេដ្ឋីលេខ១ ពិភពលោកElon Musk ក្រុមហ៊ុន Mastercard ដល់ក្រុមហ៊ុនBNY Mellon។
លោក John Wu ប្រធានរបស់AVA Labs ដែលជា Platform បើកទូលាយសម្រាប់បង្កើតApp ហិរញ្ញវត្ថុដោយប្រើប្រាស់បច្ចេកវិទ្យាBlockchain បានលើកឡើងថា “បើសម្លឹងមើលទៅមាសក្នុងទីផ្សារពិភពលោក គឺវាតម្លៃសរុបពី៩ ទៅ១០ទ្រីលានដុល្លារ។ ហើយបើទោះបីជាកាក់Bitcoin ឡើងដល់ចំនួនពាក់កណ្ដាល នៃតម្លៃមាសសរុបក្នុងទីផ្សារក៏ដោយ ក៏វានៅតែអាចហក់ឡើងដល់២០០.០០០ដុល្លារក្នុងមួយកាក់។ ដូច្នេះខ្ញុំមិនដឹងថាវាឈប់ហក់ឡើងនៅពេលណានោះទេ”។
ក្រុមហ៊ុនឈានមុខគេក្នុងពិភពលោក ផ្នែកផ្ដល់សេវាហិរញ្ញវត្ថុ JP Morgan បានលើកឡើងថា កាក់ឌីជីថលBitcoin គឺជានវានុវត្តន៍ថ្មី (ការច្នៃបង្កើតថ្មី) ក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងកំណើនPlatform ឌីជីថលទៅក្នុងឥណទាន និងការទូទាត់។ ក្រុមហ៊ុននេះបានគូសបញ្ជាក់ថា កាក់ឌីជីថល Bitcoin គឺជាអ្នកនាំមកនូវការផ្លាស់ប្ដូរពិតប្រាកដ ក្នុងវិស័យហិរញ្ញវត្ថុអំឡុងសម័យកូវីដ-១៩។
ទោះជាយ៉ាងណា វិនិយោគិនផ្សេងៗទៀតបាននិយាយនៅសប្ដាហ៍នេះថា ភាពប្រែប្រួលយ៉ាងឆាប់រហ័សនៃកាក់ឌីជីថល Bitcoin បានក្លាយជាឧបសគ្គ ដែលពិបាកនឹងឱ្យវាក្លាយជារូបិយប័ណ្ណ សម្រាប់ការទូទាត់ដោយទូលំទូលាយណាស់៕







