អ្នកជំនាញអចលនទ្រព្យជំរុញឱ្យមានការវិនិយោគខុនដូផ្ដោតលើជនជាតិខ្មែរ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ចំនួនប្រជាពលរដ្ឋកម្ពុជាស្នាក់នៅក្នុងខុនដូចាប់ផ្ដើមមានកំណើនបន្តិចម្ដងៗ នាពេលបច្ចុប្បន្ន តែអ្នកអភិវឌ្ឍន៍ខុនដូភាគច្រើន គឺផ្ដោតលើជនបរទេសជាអ្នកទិញ ដោយសារតែតម្លៃខ្ពស់ និងការរៀបចំក៏សំដៅលើជនបរទេសដូចគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា វាដល់ពេល ដែលវិនិយោគិនគួរវិនិយោគលើខុនដូ ដោយផ្ដោតទៅលើជនជាតិខ្មែរហើយ។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ថា វិស័យខុនដូក្នុងឆ្នាំ២០២០កន្លងទៅនេះ ភាគច្រើនគឺជនជាតិខ្មែរជាអ្នកទិញ ដោយសារតែអវត្តមានជនបរទេស ព្រោះតែការរឹតត្បិតការធ្វើដំណើរឆ្លងប្រទេស ដូច្នេះវាដល់ពេល ដែលវិនិយោគិនចាប់ផ្ដើមវិនិយោគលើខុនដូសម្រាប់ទីផ្សារក្នុងវិញ ព្រោះ ថាទីក្រុងកាន់តែរីក ពលរដ្ឋដែលចង់បានលំនៅឋានផ្ទាល់ខ្លួន ត្រូវទៅទិញនៅឆ្ងាយពីជាយក្រុង និងឆ្ងាយពីកន្លែងធ្វើការ។

លោកបានថ្លែងថា បើសិនជាមានខុនដូដែលមានតម្លៃសមរម្យសម្រាប់ពួកគាត់និងត្រូវនឹងអ្វីដែលពួកគាត់ចង់បាន នោះពួកគាត់នឹងផ្លាស់ប្តូរមកនៅខុនដូវិញ។

លោកបន្តថា បច្ចុប្បន្ននេះ អ្នកវិនិយោគខុនដូ ភាគច្រើនជាជនបរទេស ហើយផ្គត់ផ្គង់ ក៏សម្រាប់តែជនបរទេស តែជាបទពិសោធនៅឆ្នាំ២០២០ នៅពេលមានបញ្ហាកូវីដ៩១ ជនបរទេសមិនអាចចូលមកកម្ពុជា ធ្វើឱ្យការលក់ខុនដូ ត្រូវធ្លាក់ចុះ តែជំនួសមកវិញ ដោយជនជាតិខ្មែរ។ យ៉ាងណាក្ដី ក៏មិនមានជនជាតិខ្មែរច្រើនទេ ដែលមានលទ្ធភាពទិញខុនដូស្នាក់នៅ គឺមានចំនួនតិចតួច ព្រោះខុនដូបច្ចុប្បន្ននេះមានតម្លៃខ្ពស់ និងអភិវឌ្ឍន៍ឡើង សម្រាប់ជនបរទេស។

លោកបន្ថែមថា សម្រាប់ទីផ្សារនិងតម្រូវការនៅកម្ពុជាវិស័យខុនដូ គឺនៅតែមានតម្រូវការដដែល ព្រោះថាបើធៀបនឹងប្រទេសជិតខាង ខុនដូនៅកម្ពុជាមានចំនួនតិចតួចនៅឡើយ តែឆ្នាំ ២០២០ដោយសារតែវិបត្តិ ទើបធ្វើឱ្យការលក់មានការថមចុះ។

លោករិន ច័ន្ធរឹទ្ធភ្នាក់ងារលក់ខុនដូមួយរូបនៅកម្ពុជា បាននិយាយថា ក្នុងឆ្នាំ២០២០ ស្ទើរតែ១០០ភាគរយហើយជាជនជាតិខ្មែរមកមើលគំរូនៃខុនដូ ហើយក៏មានជនជាតិខ្មែរមួយចំនួនដែរ ទិញខុនដូ សម្រាប់ស្នាក់នៅ និងខ្លះទៀតសម្រាប់ទុកជួលបន្តយកប្រាក់ចំណេញ។ ទោះជាយ៉ាងណា ខុនដូខ្លះនៅកម្ពុជាផ្ដោតលើជនបរទេស និងខ្លះទៀតផ្ដោតលើអតិថិជនចម្រុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here