ដោយ៖ លក្ខិណ
ភ្នំពេញ៖ ប្រទេសចិន បានក្លាយជាប្រទេសឈរលំដាប់ថ្នាក់ទី១ ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយមានក្រុមហ៊ុនចិនធំៗជាច្រើនបានចូលមកស្វែងរកការវិនិយោគ ជាពិសេសលើវិស័យអចលនទ្រព្យ។
ជាក់ស្ដែង ក្រុមហ៊ុនធំមួយរបស់ចិន ព្រីនស៍ គ្រុបបានបញ្ជាក់ថា ខ្លួនបានសម្រេចជ្រើសរើសយកប្រទេសកម្ពុជា ជាប្រទេសសំខាន់ក្នុងផែនការយុទ្ធសាស្ត្រសម្រាប់ការវិនិយោគរបស់ខ្លួន។

លោក Stevn Wang នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីពេលថ្មីៗនេះឱ្យដឹងថា ក្រុមហ៊ុនខ្លួននឹងជ្រើសរើសយកភ្នំពេញ ជាទីតាំងស្នូល ហើយខេត្តព្រះសីហនុ និងខេត្តសៀមរាបគឺជាស្លាបទាំងពីរ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន។
លោកបន្តថា ចាប់តាំងពីខ្លួនបានចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបង្កើតជាក្រុមហ៊ុននេះឡើងក្នុងឆ្នាំ២០១៥ គឺបានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ និងបានចំណាយទុនរាប់ពាន់លានដុល្លារអាមេរិក លើការសាងសង់គម្រោងអគារខ្ពស់ មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលកម្សាន្ត និង អគារស្នាក់នៅរួម ( ខុនដូ )ទំនើបនៅតាមបណ្ដោយមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ។

លោកបានថ្លែងថា “រយៈពេលជាង៥ឆ្នាំមកនេះ យើងបានបង្កើតរចនាសម្ព័ន្ធអាជីវកម្ម ដែលមានធាតុផ្សំជាច្រើន ដូចជាសណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារទំនើប រមណីយដ្ឋាន អាហារដ្ឋាន ដែលរួមបញ្ចូលទៅក្នុងវិស័យអចលនទ្រព្យ ដើម្បីលើកកម្ពស់ឱ្យគ្នាទៅវិញទៅមក”។
លោកបន្ថែមថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ជាង២ពាន់លានដុល្លាររួចមកហើយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងបុត្រសម្ព័ន្ធក្រុមហ៊ុនជាង៣០ក្រុមហ៊ុន។ ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត មានទំនុកចិត្តយ៉ាងមុតមាំ និងប្ដេជ្ញា នឹងធ្វើឱ្យប្រទេសកម្ពុជា ជាចំណុចកណ្ដាលនៃអាស៊ី ជំរុញការបោះទុនវិនិយោគឱ្យបានដល់៦០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១០ឆ្នាំ ខាងមុខ។
លោកបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្ននេះ កម្ពុជាទទួលរងឥទ្ធិពលពីមេរោគកូវីដ១៩ តែ ក្នុងនាមជាវិនិយោគិននៅតែមើលឃើញពីឱកាសនៃការវិនិយោគដដែល ហើយសូមចែករំលែកបទពិសោធន៍ដល់ដៃគូវិនិយោគ ដទៃទៀតក្នុងការដាក់ទុននៅក្នុងប្រទេសកម្ពុជា។
លោកបានថ្លែងទៀតថា “ឆ្នាំ២០២០ ថ្វីត្បិតតែកម្ពុជាជួបវិបត្តិ តែកម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀងសំខាន់ពីររួចហើយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ដែលអាចទាញវិនិយោគិនមកបន្ថែមទៀត ដាក់ទុននៅកម្ពុជា”។
ក្រៅពីក្រុមហ៊ុនមួយនេះ ក៏មានក្រុមហ៊ុនចិនជាច្រើនទៀតកំពុងបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យអចលនទ្រព្យ និងវិស័យដទៃទៀតកំពុងសក្ដានុពល។ ជាការកត់សម្គាល់ អគារខ្ពស់ៗជាច្រើននៅភ្នំពេញ និងខេត្តព្រះសីហនុ គឺកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់វិនិយោគិនចិនផងដែរ៕







