វិស័យអាកាសចរណ៍អាមេរិកចាប់ផ្ដើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញ

ដោយ៖ គង់ លាងហួរ

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន PSA Airlines និងក្រុមហ៊ុន Frontier Airlines ដែលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក (American Airlines) គ្រោងនឹងនឹងចាប់ផ្តើមជ្រើសរើសអ្នកបើកបរយន្តហោះនៅក្នុងឆ្នាំនេះ ខណៈវាជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យអាកាសចរណ៍នៅអាមេរិក ដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺកូវីដ១៩។

ស្របពេលវ៉ាក់សាំងជំងឺកូវីដ១៩ ត្រូវបានដាក់ចេញជាបណ្តើរៗ ក្រុមហ៊ុនអាកាសចរណ៍សង្ឃឹមថានឹងមានភាពប្រសើរឡើង ក្នុងការធ្វើដំណើរលើអាកាសក្នុងស្រុកនៅរដូវក្តៅខាងមុខ បើទោះបីជាតម្រូវការមិនទាន់មានកម្រិតពេញលេញ ដូចមុនការរាតត្បាតនៅឡើយទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកKeith Stamper អនុប្រធានក្រុមហ៊ុន PSA Airlines បាននិយាយថា “ស្របពេលដែលពួកយើងបន្តធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដើម្បីកំណត់ពីតម្រូវការជើងហោះហើរ របស់ពួកយើង ក្នុងឆ្នាំនេះ ហើយនឹងសហការគ្នាក្នុងការជ្រើសរើសក្រុមអ្នកបើកបរយន្តហោះថ្មីរបស់ពួកយើង”។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន PSA បានបញ្ជាក់ថា គម្រោងជ្រើសរើសបុគ្គលិកនេះ នឹងរួមបញ្ចូលទាំងការជ្រើសរើសបុគ្គលិកអ្នកបម្រើតាមយន្តហោះផងដែរ ប៉ុន្តែពួកយើងសូមបដិសេធមិនបង្ហាញពីចំនួនបុគ្គលិនជាក់លាក់នោះទេនាពេលនេះ។

ក្រុមហ៊ុនអាកាសចរណ៍ Frontier Airlines ក៏មានបំណងជ្រើសរើសបុគ្គលិកឡើងវិញក្នុងខែកក្កដា ជាមួយគម្រោងជ្រើសរើសអ្នកបើកបរយន្តហោះ១០០នាក់ក្នុងឆ្នាំនេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកដំណើរស្រុក។

ក្រុមហ៊ុនអាកាសចរណ៍នៅអាមេរិក បានជ្រើសរើសអ្នកបើកបរយន្តហោះជាច្រើន ដើម្បីដោះស្រាយកង្វះខាត ក្នុងអំឡុងវិស័យនេះមានរីកចម្រើនខ្លាំងមុនសម័យកូវីដ១៩ ប៉ុន្តែការជ្រើសរើស និងកម្មវិធីបណ្ដុះបណ្ដាលបុគ្គលិក ត្រូវបានបញ្ឈប់កាលពីឆ្នាំមុន ដោយសារជំងឺរាតត្បាត។

កាលពីខែមុន វិស័យអាកាសចរណ៍របស់សហរដ្ឋអាមេរិក ទទួលបានប្រាក់ជំនួយ១៥ពាន់លានដុល្លារ ពីរដ្ឋាភិបាលខ្លួន ដើម្បីស្តារវិស័យនេះឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here