ដោយ៖ គង់ លាងហួរ
សឹង្ហបូរី៖ ការទិញភាគហ៊ុនធនាគារតូចៗ នៅប្រទេសឥណ្ឌូនេស៊ី របស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បានបង្ហាញពីការបង្កើនការប្រកួតប្រជែងសម្រាប់ធនាគារនៅតំបន់អាស៊ាន។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន Fitch Rating នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពបែបនេះមិនទំនងជាបង្កការប្រកួតប្រជែងខ្លាំងចំពោះធនាគារធំៗក្នុងរយៈពេលដ៏ខ្លីនោះទេ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាទំនងជាផ្ដោតលើចំណែកទីផ្សារ ដែលធានាមិនមាន។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ថា នៅខែមករាឆ្នាំ ២០២១ អំពីផែនការទិញធនាគារ Kesejahteraan Ekonomi (BKE) ក្រុមហ៊ុន Sea ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងក្រុមហ៊ុន Gojek របស់ឥណ្ឌូនេស៊ី កាលពីខែធ្នូ ឆ្នាំ២០២០ បានបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុងធនាគារ Jago បានបញ្ជាក់ពីមហិច្ឆតារបស់ក្រុមហ៊ុនបច្ចេកវិទ្យា ក្នុងការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងការផ្តល់សេវាហិរញ្ញវត្ថុ។
ក្រុមហ៊ុន Fitch បានអះអាងថា ឥណ្ឌូណេស៊ី និងហ្វីលីពីនផ្តល់សក្តានុពលទីផ្សារធំជាងគេក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗទាំង៦ របស់អាស៊ាន ដោយសារចំនួនប្រជាជន ដែលមិនប្រព័ន្ធធនាគារ មានចំនួនច្រើន។
ការទិញភាគហ៊ុននៅធនាគារ ដែលមានស្រាប់ អាចជួយសម្រួលផ្លូវសម្រាប់ក្រុមហ៊ុន fintech ដែលមានបំណងផ្តល់សេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបានផ្លាស់ប្តូរយឺតជាងបណ្តាប្រទេសអាស៊ានមួយចំនួនទៀត ក្នុងការអភិវឌ្ឍគោលការណ៍ណែនាំអាជ្ញាប័ណ្ណធនាគារតាមប្រព័ន្ធអេឡិកត្រូនិច (virtual banking)។
ក្រុមហ៊ុន Sea ទទួលបានអាជ្ញាប័ណ្ណ virtual banking នៅសិង្ហបុរី កាលពីខែធ្នូ ប៉ុន្តែនៅតែត្រូវការការយល់ព្រមពីនិយតករសេវាកម្មហិរញ្ញវត្ថុឥណ្ឌូនេស៊ី OJK ដើម្បីទិញ BKE ទាំងស្រុង ដោយសារតែការរឹតត្បិតលើភាពជាម្ចាស់របស់ក្រុមហ៊ុនបរទេស។
ការទិញភាគហ៊ុននៅធនាគារទាំងស្រុង ឬការបង្កើនទំហំទុននៅធនាគារ របស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ នឹងបង្កើនការប្រកួតប្រជែងច្រើនដល់ធនាគារដទៃនៅតំបន់អាស៊ាន ដោយសារក្រុមហ៊ុនទាំងនេះចាប់យកចំណែកទីផ្សារ របស់ធនាគារ ដោយបង្កើតភាពងាយដល់អតិថិជន៕







