សុខុម
សៀងហៃ: យោងតាមសារព័ត៌មាន South China Morning Post ដែលបានចុះផ្សាយកាលពីថ្ងៃទី១៩ មករា នេះឱ្យដឹងថា ការខកខានសងបំណុលរបស់បណ្ដាក្រុមហ៊ុនសាជីវកម្មក្នុងប្រទេសចិន អាចនឹងកើនឡើងក្នុងកម្រិតខ្ពស់មិនធ្លាប់មាននៅឆ្នាំនេះ នៅពេលធនាគារកណ្ដាលរបស់ចិន បានចេញការកំណត់កម្រិតអតិបរមានៃបំណុលសាធារណៈ (Debt limit / Debt ceiling) ចំនួន ៣ ក្នុងខែនេះដើម្បីទប់ស្កាត់កុំឱ្យអ្នកខ្ចីប្រើប្រាស់ឥណទាន (ប្រាក់កម្ចី) ដើម្បីទូទាត់សងបំណុលចាស់ពុំទាន់ដោះរួច ឬដែលនិយាយឱ្យសាមញ្ញថា “ខ្ចីបំណុលថ្មី យកទៅសងបំណុលចាស់”។
កាសែត Economic Information Daily ដែលគ្រប់គ្រងដោយរដ្ឋបានលើកឡើងថា មួយក្នុងចំណោម ៥ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗបំផុតរបស់ប្រទេសចិន រួមទាំងក្រុមហ៊ុន China Evergrande Group ផង នឹងត្រូវបានរារាំងមិនឱ្យខ្ចីប្រាក់ពីធនាគារទៀតឡើយដោយអនុលោមទៅតាមខ្សែបន្ទាត់ក្រហមទាំង ៣ លើបំណុលដែលគូសវាសដោយធនាគារកណ្ដាល People’s Bank of China។ ខ្សែបន្ទាត់ក្រហមទាំងនេះគឺជាការកំណត់ខុសៗគ្នាលើការខ្ចីប្រាក់។
លោកស្រី Esther Liu នាយិកា S&P Global Ratings ដែលជាទីភ្នាក់ងារវាយតម្លៃឥណទានអាមេរិក បានថ្លែងថា “ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍មួយឆ្លងកាត់ខ្សែបន្ទាត់ក្រហមទាំង ៣ នេះហើយ នោះកម្រិតបំណុលសរុបរបស់ក្រុមហ៊ុននឹងមិនត្រូវបានអនុញ្ញាតឱ្យបង្កើនទៀតឡើយ។ នេះមានន័យថា ក្រុមហ៊ុនអភិវឌ្ឍន៍នោះមិនអាចខ្ចីប្រាក់បន្ថែមទៀតពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតឡើយ ប្រសិនបើបំណុលចាស់របស់ខ្លួនមិនទាន់ដោះរួច”។
រដ្ឋាភិបាលចិន កំពុងតែស្វិតស្វាញក្នុងការគ្រប់គ្រងបំណុលរបស់ប្រទេសចិន ដើម្បីបញ្ជៀសការបង្កហានិភ័យជាប្រព័ន្ធទៅដល់ធនាគារនានា។ ក្រុមនិយ័តករចិន ក៏ចង់បញ្ជៀសបំណុលមិនអាចគ្រប់គ្រងបាន (runaway debt) ពីការបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដូចដែលបានកើតឡើងក្រោយការខកខានសងបំណុលការប្រាក់ខ្ពស់ (subprime loan) របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៨ ផងដែរ។ ផ្អែកតាមទិន្នន័យបង្ហាញថា វិស័យអចលនទ្រព្យ និងសំណង់រកចំណូលបានប្រមាណ ២៩% នៃទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសចិន ទាំងមូល។
ចំណាត់ការរឹតបន្តឹងការខ្ចីប្រាក់នេះអាចនឹងធ្វើឱ្យបណ្ដាក្រុមហ៊ុនបោះផ្សាយសញ្ញាប័ណ្ណ ឬមូលបត្របំណុលជាច្រើនខកខានសងបំណុលនៅក្នុងទីផ្សារសញ្ញាប័ណ្ណ (bond market) ដែលមានតម្លៃ ១៥ ទ្រីលានដុល្លារអាមេរិក របស់ប្រទេសចិន។
យោងតាមវិទ្យាស្ថានស្រាវជ្រាវទីផ្សារអចលនទ្រព្យ Beike Real Estate Research Institute ឱ្យដឹងថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចិន ជាប់បំណុលច្រើនរហូតដល់ទៅ ១,២ ទ្រីលានយ័ន (១៨៤,៧ ពាន់លានដុល្លារអាមេរិក ដែលដល់ពេលកំណត់ត្រូវសងត្រឹមដំណាច់ឆ្នាំនេះ ដោយកើនឡើង ៣៦% បើធៀបទៅនឹងឆ្នាំ២០២០៕







