គម្រោងផ្ទះល្វែងនៅទីក្រុងហុងកុងរបស់ក្រុមហ៊ុនWheelockលក់ដាច់ខ្លាំង ក្នុងឆ្នាំ២០២១នេះ

        ដោយៈគង់ លាងហួរ

ហុងកុងៈ ការដាក់បង្ហាញអចលនទ្រព្យធំលើកដំបូង នៅឆ្នាំ២០២០នៅហុងកុងកំណត់បានជោគជ័យសម្រាប់ឆ្នាំខាងមុខ អ្នកទិញផ្ទះរាប់រយនាក់តម្រង់ជួរទិញផ្ទះល្វែង នៅគម្រោងMonacoថ្មី របស់ក្រុមហ៊ុនWheelock នៅសង្កាត់Kai Tak។

អ្នកនាំពាក្យក្រុមហ៊ុនខាងលើបាននិយាយថា ក្រុមហ៊ុននេះ បានប្រមូលប្រាក់១.៦ពាន់លានដុល្លារហុងកុង ដោយការលក់ផ្ទះល្វែងនេះអស់យ៉ាងលឿន ដោយចំណាយពេលតិចជាង៦ម៉ោងប៉ុណ្ណោះ កាលពីថ្ងៃអាទិត្យម្សិលមិញ។ ផ្ទះល្វែងទាំងអស់ត្រូវបានលក់ដាច់អស់ ដោយសារតម្លៃសមរម្យនិងតំបន់របស់គម្រោងល្អ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកSammy Poជានាយកប្រតិបត្តិផ្នែកលំនៅដ្ឋាននៃក្រុមហ៊ុនMidland Realtyបាននិយាយថា គម្រោងនៃការលក់នេះ ទទួលបានការទិញយ៉ាងខ្លាំងពីអតិថិជន។ នេះដោយសារតែតម្លៃមានភាពទាក់ទាញ គឺតម្លៃនេះទាបជាង១៥ ទៅ២០%នៃផ្ទះល្វែងដទៃទៀតក្នុងសង្កាត់ដូចគ្នា។

លោកបានបន្តទៀតថា “ទីតាំងគឺមានសារៈសំខាន់ណាស់ ស្របពេលដែលរដ្ឋាភិបាលចង់អភិវឌ្ឍន៍សង្កាត់Kai Tak ពីតំបន់ប្រលានយន្តហោះអោយទៅជាមជ្ឈមណ្ឌលជំនួញថ្មី ដែលមានបណ្ដាញដឹកជញ្ជូនល្អ ការិយាល័យ និងមជ្ឈមណ្ឌលផ្សារទំនើបធំៗ”។​លោកបន្ថែមថា “អតិថិជនជាច្រើនជឿជាក់ថា តម្លៃផ្ទះនៅតំបន់នេះនឹងមានការកើនឡើងខ្លាំងនាពេលអនាគត”។

អតិថិជនជាង៣៧០០នាក់បានចុះឈ្មោះ ដើម្បីដេញថ្លៃផ្ទះល្វែងចំនួន១៤៥ដែលមានតម្លៃរវាង២០,៣៦៨ទៅ២៥,៧០៨ដុល្លារហុងកុង ក្នុងមួយហ្វីតការ៉េ។ វាគឺជាការលក់ដំបូងបង្អស់ នៃដំណាក់កាលទីមួយក្នុងគម្រោងMonacoនេះ ដែលមានចំនួន៣៩៩ល្វែង ក្នុងប៉មគំរោងត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២២។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនWheelockបាននិយាយទៀតថា ផ្ទះតូចបំផុត និងផ្ទះល្វែងស្ទូឌីយោមានទំហំ២៨០ហ្វីតការ៉េ ត្រូវបានលក់ក្នុងតម្លៃ៥.៩៧លានដុល្លារហុងកុងខណៈពេលដែលបន្ទប់គេងចំនួន៣ ដែលមានទំហំធំបំផុតគឺ៧៦២ហ្វីតការ៉េ ត្រូវបានលក់ក្នុងតម្លៃ១៨.៨៩លានដុល្លារហុងកុង ក្រោយមានការបញ្ចុះតម្លៃរួចហើយ។

ផ្ទះល្វែងដែលមានទំហំ៦៧៣ និង៧៦២ហ្វីតការ៉េបានលក់អស់ ក្នុងរយៈពេល៣ម៉ោងដំបូងប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here