វិស័យសំណង់នៅខេត្តព្រះសីហនុទទួលបានទុនវិនិយោគជាង៨០០០លានដុល្លារ

ដោយ៖ សាវុធ

ភ្នំពេញ៖ ខេត្តព្រះសីហនុ ទទួលបានទុនវិនិយោគ ពីវិស័យសំណង់ជាង៨ពាន់លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។

លោកឃាង ភារម្យអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់អ្នកសារព័ត៌មានស្រុកកាលពីចុងសប្តាហ៍កន្លងមកនេះថា សំណង់វិនិយោគក្នុងខេត្តព្រះសីហនុ ភាគច្រើនជាសំណង់អគារខ្ពស់ៗ ដូចជាសំណង់បែបអគារពាណិជ្ជកម្ម សណ្ឋាគារ និងសំណង់ផ្សេងៗទៀត ដែលបម្រើឲ្យវិស័យទេសចរណ៍នៅក្នុងខេត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបាថ្លែងថា “រយៈពេល៤ឆ្នាំចុងក្រោមនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុមាន សំណង់សរុបបានអនុញ្ញាតឲ្យសាងសង់មានចំនួន១,៥១៤អគារ មានក្រឡាផ្ទៃសរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប៨,០៤៩,៦៩២,៨៣១ដុល្លារអាមេរិក”។

លោកបានថ្លែងទៀតថា ក្នុងឆ្នាំ២០២០ ដែលជួបវិបត្តិជំងឺកូវីដ១៩ ខេត្តព្រះសីហនុ មានសំណង់ដែលវិនិយោគដោយបរទេសជាង១ពាន់កន្លែង បានផ្អាកដំណើរការ ខណៈសំណង់មានម្ចាស់ជាខ្មែរជិត៩០កន្លែង កំពុងដំណើរការជាធម្មតា។

ពាក់ព័ន្ធវិបត្តិជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២០នេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ មានផលប៉ះពាល់ខ្លាំងមែនទែន ជាពិសេសភាគច្រើនប៉ះពាល់ជាមួយនឹងអ្នកវិនិយោគបរទេស ដែលភាគច្រើនជាជនជាតិចិន។ លោកបន្តថា សេដ្ឋកិច្ច និងការវិនិយោគនៅឆ្នាំថ្មីនេះ នឹងមានសញ្ញាណល្អឡើងវិញ ប្រសិនបើមានវ៉ាក់សាំងគ្របដណ្ដប់លើសកលលោក។

លោកបានថ្លែងថា វិស័យសំណង់ ក្នុងខេត្តព្រះសីហនុវិញ ឃើញថាក្នុងឆ្នាំ២០២០ សកម្មភាពនៃការសាងសង់ មានការថយចុះ ដោយសំណង់ ដែលបានសាងសង់ទាំងអស់ មានចំនួន១,៥១៤ទីតាំង ដោយឡែងក្នុងនោះមានសំណង់តែ៨៩ទីតាំងប៉ុណ្ណោះកំពុងដំណើរការសាងសង់ ហើយក្រៅពីនេះ មានការផ្អាក់ការសាងសង់ផងដែរ។

លោកថ្លែងថា សំណង់ ដែលផ្អាកការសាងសង់ នៅក្នុងអំឡុងជំងឺកូវីដ១៩នេះ គឺមានម្ចាស់ជាជនបរទេស ហើយភាគច្រើនជាជនជាតិចិនតែម្ដង ព្រោះថានៅពេលមានជំងីនេះរីករាលដាល អ្នកវិនិយោគជាជនជាតិចិន ពួកគាត់ត្រូវត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

លោកបានបន្តទៀតថា សំណង់ ដែលបានបន្តដំណើរផ្សេងទៀតនោះ គឺសុទ្ធសឹងតែជាសំណង់ ដែលមានម្ចាស់ជាជនជាតិខ្មែរ ហើយសំណង់នោះមាន ចាប់ពី៥ជាន់ឡើងដល់ប្រមាណជាជាង៥៣ជាន់ ដែលជនជាតិខ្មែរយើងអាចមានលទ្ធភាពសាងសង់បានផងដែរ។

លោកបានបន្តថា បញ្ហាបែបនេះ វាត្រូវតែរង់ចាំនៅពេលជំងឺកូវីដ១៩ មានការគ្រប់គ្រងបាន ហើយវ៉ាក់សាំងដែលបានផលិតពីបណ្ដាលប្រទេសមួយចំនួន មានលទ្ធផលល្អអាចគ្រប់គ្រងជំងឺកូវីដ១៩ និងចែកចាយពេញពិភពលោក ពេលនោះការវិនិយោគនឹងមានសញ្ញាណល្អឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here