ដោយ៖ សាវុធ
ភ្នំពេញ៖ ក្រុមហ៊ុន Bangchak Corporation (BCP) ដែលភាគហ៊ុនភាគច្រើនគ្រប់គ្រងដោយរដ្ឋ គ្រោងវិនិយោគក្នុងការបន្ថែមហាងកាហ្វេ Inthanin coffee នៅកម្ពុជា និងឡាវ ដើម្បីបង្កើនអាជីវកម្មមិនមែនប្រេងរបស់ខ្លួន បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតស្ថិតនៅក្រោមការគ្រប់គ្រង។
ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន BCP និងជាអនុប្រធានប្រតិបត្តិជាន់ខ្ពស់លោក Somchai Tejavanija មានប្រសាសន៍ថា ក្រុមហ៊ុននឹងចាប់ផ្តើមជាមួយហាងកាហ្វេថ្មីជាច្រើននៅកម្ពុជា និងឡាវ។ នេះយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
ហាងកាហ្វេ Inthanin Coffee ត្រូវអះអាងថាមានលក្ខណៈអំណោយផ្នែកបរិស្ថាន ហើយបច្ចុប្បន្ន មានហាងសរុបចំនួន៦៩០កន្លែងនៅប្រទេសថៃ និងចំនួន៨ នៅក្រៅប្រទេស។ អាជីវកម្មនេះគ្រប់គ្រងដោយក្រុមហ៊ុន Bangchak Retail Co.។
លោក Somchai បានមានប្រសាសន៍ថា ក្រុមហ៊ុនគ្រោងនឹងពង្រីកសាខាក្រោមសិទ្ធិផ្តាច់មុខ ហើយព័ត៌មានលម្អិតនៃទិសដៅអាជីវកម្មនឹងត្រូវបានបង្ហាញ នៅពេលដែលជំងឺរាតត្បាតស្ថិតក្រោមការគ្រប់គ្រង។
ការពង្រីកអាជីវកម្មរបស់ខ្លួន ត្រូវបានពន្យារពេល ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន បន្ទាប់ពីបានផ្តល់កិច្ចសន្យាសិទ្ធិអាជីវកម្មដល់ក្រុមហ៊ុន RCG Retail Group (Cambodia) ដើម្បីបន្ថែមហាងកាហ្វេនៅកម្ពុជា និងឡាវ។
កន្លងមក ក្រុមហ៊ុន BCP បានកំណត់ទិសដៅបន្ថែមសាខាជិត១០០កន្លែងនៅក្នុងប្រទេសឡាវ និងកម្ពុជា។ ហាង Inthanin coffee ត្រូវបានបើកនៅរាជធានីភ្នំពេញក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ។
លោក Somchai មានប្រសាសន៍ថា ក្រុមហ៊ុនលក់កាហ្វេភាគច្រើនតាមរយៈការបញ្ជាទិញតាមអនឡាញ និងការចែកចាយតាមផ្ទះ ដែលជាដំណោះស្រាយដដែល ដែលបានប្រើចាប់ពីខែមេសា ដល់ខែមិថុនាឆ្នាំ២០២០ ដោយសារវិធានការសុវត្ថិភាពតឹងរ៉ឹងកំពុងត្រូវបានអនុវត្តនៅក្នុងខេត្តជាច្រើននៃប្រទេសថៃ ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺនេះ៕







