ក្រុមហ៊ុនដឹកជញ្ជូនមើលឃើញពីសញ្ញាវិជ្ជមានឡើងវិញក្នុងឆ្នាំ ២០២១នេះ

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រោយជួបវិបត្តិស្ទើរតែពេញមួយឆ្នាំ២០២០ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងសកលលោក វិស័យដឹកជញ្ជូនហាក់មានកំនើននិងសកម្មភាពឡើងវិញបន្តិចម្ដងៗ តាំងពីចុងឆ្នាំ២០២០និងរំពឹងថា វិស័យនេះនឹងមានសញ្ញាវិជ្ជមានឡើងវិញ ក្នុងឆ្នាំ ២០២១នេះ។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានមានប្រសាសន៍ឲ្យ​ដឹងកាលពីព្រឹកថ្ងៃទី១១ មករានេះថា រហូតមកដល់ពេលនេះ វិស័យដឹកជញ្ជូនកម្ពុជាហាក់មានសកម្មភាពឡើងវិញបន្តិច ជាពិសេសការដឹកជញ្ជូនតាមផ្លូវគោក។ ចំណែកផ្លូវអាកាសនៅតែមានបញ្ហាដដែល ខណៈការធ្វើដំណើរតាមផ្លូវអាកាស តែចោទជាបញ្ហា ដោយសារវិបត្តិជំងឺសកលនៅមិនទាន់បញ្ចប់នៅឡើយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ចូលមកដល់ឆ្នាំ២០២១ ដែលទើបតែមានរយៈពេលខ្លីនោះ យើងរំពឹងថាវាមិនកើតអី ដូចកាលឆ្នាំ ២០២០នោះទេ ព្រោះថាប្រទេសទីផ្សារធំ ដូចជាចិនជាដើម បានបើកដំណើរការរោងចក្រ និងសកម្មភាពសេដ្ឋកិច្ចឡើងវិញហើយ ហើយការតភ្ជាប់ការដឹកជញ្ជូនពីកម្ពុជា និងចិនក៏មានពន្លឺឡើងវិញផងដែរ។

លោកបន្តថា “ចិនគេបានបើកដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម របស់គេយូរមកហើយ ហើយនៅឆ្នាំ២០២១នេះ តម្រូវការទំនិញពីកម្ពុជាទៅកាន់ប្រទេសចិន នឹងកើនឡើងជាពិសេសផលិតផលកសិកម្ម  និងតម្រូវការវត្ថុធាតុដើមសម្រាប់វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជាក៏មានច្រើនជាងឆ្នាំមុន ដែលអាចបញ្ជាក់ពីកំណើននៃវិស័យដឹកជញ្ជូនក្នុងឆ្នាំនេះ”។

លោកបន្ថែមថា ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្នជាមួយប្រទេសថៃ ខណៈមានការ   ផ្ទុះកូវីដ១៩ជាថ្មី ក្នុងខេត្តមួយចំនួនក្នុងប្រទេសថៃឃើញថា ការដឹកជញ្ជូនក៏នៅតែដំណើរការដដែលរវាងកម្ពុជានិងថៃ អត់មានអ្វីជាបញ្ហានោះឡើយ ដោយសារតែឧស្សាហកម្មរបស់ថៃមួយចំនួន មិនមានបញ្ហានោះកើតឡើងដែលជំរុញឱ្យកម្ពុជា តែអាចបញ្ជូនទំនិញបានដដែល បានថៃបញ្ជូនទំនិញកម្ពុជាដដែល ។

ប្រធានសមាគមរូបនេះបានបញ្ជាក់ថា កាលពីដើមឆ្នា វិស័យដឹកជញ្ជូនក្នុងប្រទេសកម្ពុជាពិតជាជួបបញ្ហាមែន ហើយស្ទើរតែមានក្រុមហ៊ុនខ្លះបិទទ្វារ ក៏ប៉ុន្តែពួកគេនៅតែទ្រាំ និងអាចជំនះ បាននូវឧបសគ្គដ៏លំបាកនោះបាន និងចូលដល់អំឡុងត្រីមាសទី២ និងទី៣ ទើបធ្វើឱ្យសកម្មភាពដឹកជញ្ជូន ចាប់ផ្ដើមកម្រើកឡើងវិញបានខ្លះ តែក៏នៅតែមានទំហំតិចតួចដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here