មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលពិភាក្សាជាមួយប្រតិភូWorld Bank ដើម្បីពង្រឹងកិច្ចសហការ

ដោយៈ ចំណាន

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ បានអនុញ្ញាតឱ្យប្រតិភូWorld Bank ដឹកនាំដោយលោក Ramprakash Sethuramasubbu អ្នកឯកទេសអភិវឌ្ឍន៍ផ្នែកឯកជន នៃធនាគារពិភពលោក និងលោក Quan Zhao អ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិក្សាការងារ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើង អំពីកិច្ចសហប្រតិ​បត្តិការល្អរវាងគ្នានាពេលកន្លងមក ពិសេសនាពេលថ្មីៗនេះការចូលរួមរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា ក្នុងការលើកកម្ពស់ភាពប្រកួ​តប្រជែងរបស់វិស័យឯកជន តាមរយៈការសហការរៀបចំកិច្ចព្រមព្រៀងស្តីពី កិច្ចសម្រួលវិនិយោគ សម្រាប់ការអភិវឌ្ឍក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO Investment Facilitation for Development Agreement – IFDA) ដោយមានការសហការជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីលទ្ធផល នៃសិក្ខាសាលាសិក្សាពីតម្រូវការចាំបាច់ ដើម្បីត្រៀមអនុវត្តន៍កិច្ចព្រមព្រៀងIFDA នេះផងដែរ ដើម្បីសិក្សាឱ្យបានស៊ីជម្រៅអំពីខ្លឹមសារ នៃកិច្ចព្រមព្រៀង តម្រូវការជាក់ស្តែងតាមវិស័យនីមួយៗ សំដៅត្រៀមអនុវត្តឱ្យបានប្រ​សិទ្ធភាពខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រី ធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលានេះ ព្រមទាំងដាក់ជូននូវសំណួរ ជាមូលដ្ឋានមួយចំនួនជូនដល់អ្នកជំនាញនៃធនាគារពិភពលោក ធ្វើការពន្យល់បកស្រាយបន្ថែមឱ្យកាន់តែលម្អិត និងស៊ីជម្រៅ សម្រាប់រាជរដ្ឋាភិបាលកំណត់ក្របខ័ណ្ឌ និងគោលនយោបាយពាក់ព័ន្ធនានា ស្របទៅតាមនិន្នាការសកល។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍
លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរទៅគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យបន្តកិច្ចសហការបន្ថែមទៀត ព្រមទាំងបានស្នើសុំការគាំទ្រពីធនាគារពិភពលោក លើការជំរុញបន្ថែមទៀតការធ្វើឱ្យប្រសើរឡើងនៃវិស័យភស្តុភារកម្ម និងពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជាផងដែរ។

ជាការឆ្លើយតបតំណាងធនាគារពិភពលោក ប្រចាំកម្ពុជាបានសម្តែងនូវការតាំងចិត្តខ្ពស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ជំរុញឱ្យប្រទេសកម្ពុជា ក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មមួយ ពេញដោយសក្តានុពល និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់។

ភាគីទាំងពីរបានយល់ឃើញស្របគ្នាថា ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលស្ថានភាពមិនប្រាកដប្រជា នៅក្នុងពិភពលោក បានតម្រូវអោយមានការគិតគូរអោយបានហ្មត់ចត់ ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគ ដើម្បីធ្វើយ៉ាងណាឲ្យវិនិយោគិនមានភាពកក់ក្តៅ និងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

លោក Ramprakash Sethuramasubbu អ្នកឯកទេសអភិវឌ្ឍន៍ផ្នែកឯកជន នៃធនាគារពិភពលោក
លោក Ramprakash Sethuramasubbu អ្នកឯកទេសអភិវឌ្ឍន៍ផ្នែកឯកជន នៃធនាគារពិភពលោក

LEAVE A REPLY

Please enter your comment!
Please enter your name here