IMFបន្តគាំទ្របច្ចេកទេសនិងពង្រឹងធនធានមនុស្សដល់ធនាគារ ជាតិនៃកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្រ្តីIMFបានបង្ហាញការគាំទ្ររបស់ស្ថាប័ននេះ ក្នុងការចូលរួមអភិវឌ្ឍវិស័យធនាគារ ក៏ដូចជាការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលនានា សម្រាប់អភិវឌ្ឍសមត្ថភាពមន្រ្តី-បុគ្គលិកឱ្យបានកាន់តែប្រសើរថែមទៀត។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មសម្រាប់កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីគោលបំណងនៃបេសកកម្ម (Staff Visit) ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សា ជាមួយអាជ្ញាធរ និងវិស័យឯកជន ដើម្បីស្វែងយល់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថា​ន​ភាពហិរញ្ញវត្ថុ ទស្សនវិស័យនាពេលអនាគត និងគោលនយោបាយនានា។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់ពីការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

លើសពីនេះ លោកជំទាវក៏បានលើកឡើង ពីការដាក់ចេញវិធានការនានាជាបន្តបន្ទាប់ សំដៅផ្តល់ជាដំណោះស្រាយ លើបញ្ហាប្រឈមចម្បងៗ ដូចជាបញ្ហាកើតចេញពីជម្លោះព្រំដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ឱ្យជម្រះបញ្ជី សម្រាប់គ្រឹះស្ថានធនាគារស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាដើម។

ក្នុងឱកាសនេះដែរ លោក Kenichiro បានជម្រាបជូនលោកជំទាវទេសាភិបាល ពីគោលបំណងរបស់ក្រុមការងារ ដែលមកបំពេញបេសកកម្មនាពេលនេះ ជាពិសេសការគាំទ្ររបស់ IMF ក្នុងការចូលរួមអភិវឌ្ឍវិស័យធនាគារ ក៏ដូចជាការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលនានា សម្រាប់អភិវឌ្ឍសមត្ថភាពមន្រ្តី-បុគ្គលិកឱ្យបានកាន់តែប្រសើរថែមទៀត។

បន្ទាប់ពីបានជួបសម្តែងការគួរសម ជាមួយលោកជំទាវទេសា​ភិបាលរួចមក ក្រុមបេសកកម្មក៏បានជួបពិភាក្សា ថ្នាក់បច្ចេកទេសជាមួយថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ទៅលើស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា វឌ្ឍនភាពប្រព័ន្ធធនាគារ និងបញ្ហាប្រឈមនានាផងដែរ៕

លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មសម្រាប់កម្ពុជា
លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មសម្រាប់កម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here