ដោយៈ ម៉ាណា
ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ជួបពិភាក្សាទ្វេរភាគីលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
ជំនួបនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦ ដោយផ្តោតលើមូលបទសំខាន់គឺ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ ការធ្វើសមាហរណកម្ម និងការវិវត្តនៃវិស័យឧស្សាហកម្ម”។
នៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រនេះ លោកបណ្ឌិត កៅ គឹមហួន បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅរវាងស្ថាប័នទាំងពីរ ដើម្បីសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការកសាងភាពជាដៃគូរវាងរដ្ឋ និងឯកជនឱ្យកាន់តែរឹងមាំ ដែលជាកត្តាចាំបាច់ក្នុងការដោះស្រាយបញ្ហាអស្ថិរភាពសកល។
អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា វត្តមានរបស់លោកអគ្គលេខាធិការអាស៊ាន គឺជាសសារដ៏សំខាន់មួយ ផ្ញើជូនវិស័យឯកជនថា លេខាធិការដ្ឋានអាស៊ាន នៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចតំបន់។
អ្នកឧកញ៉ា បានរំលឹកដល់ជំនួបកាលពីឆ្នាំមុន នៅខែមីនា ឆ្នាំ២០២៥ និងកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបំពេញគម្លាតនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មឌីជីថល បានចាប់ផ្តើមផ្តល់លទ្ធផលជាវិជ្ជមាន ដល់ប្រព័ន្ធភស្តុភារកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព។ ភាពជាដៃគូដែលកំពុងបន្តនេះ ត្រូវបានចាត់ទុកថា ជាឆ្អឹងខ្នងនៃជោគជ័យក្នុងតំបន់ ខណៈដែលសហគមន៍អាស៊ាន កំពុងឈានទៅរកចក្ខុវិស័យសហគមន៍ សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០២៥ (AEC Post-2025 Vision)។
កិច្ចប្រជុំបានបញ្ចប់ដោយការប្តេជ្ញាចិត្តជាថ្មី ពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការបន្តធ្វើជាដៃគូដ៏រឹងមាំ ជាមួយលេខាធិការដ្ឋានអាស៊ាន។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ពីសារៈសំខាន់ នៃការធានាថា “សំណើពីរាជធានីភ្នំពេញ” ត្រូវបានបញ្ចូលទៅក្នុងរបៀបវារៈរួមរបស់តំបន់។ អ្នកឧកញ៉ាបន្ថែមទៀតថា នៅពេលដែលវិស័យឯកជន និងលេខាធិការដ្ឋានអាស៊ាន ធ្វើការដោយសុខដុមរមនាជាមួយគ្នា ការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់អាស៊ាន នឹងក្លាយជាការពិតដែលមិនអាចខ្វះបាន៕ 








