ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន (EU-ABC) ដឹកនាំដោយលោកស្រី Sharon Toh អនុប្រធានក្រុមប្រឹក្សាភិបាល អមដោយថា្នក់ដឹកនាំជាន់ខ្ពស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនអឺរ៉ុបធំៗ។
កិច្ចពិភាក្សានេះមានគោលបំណង ស្វែងរកកិច្ចសហការថ្មីៗថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងផ្នែកធុរកិច្ច និងវិនិយោគរវាងសហភាពអឺរ៉ុប និងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល បានមានប្រសាសន៍អំពីវឌ្ឍនភាពប្រព័ន្ធធនាគារកម្ពុជា ការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ បន្ថែមលើនេះ លោកជំទាវក៏បានគូសបញ្ជាក់ ពីការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនិងការសម្រេចការតភ្ជាប់ ជាមួយប្រទេសសក្តានុពលនានា ដែលផ្តល់ភាពអំណោយផល ដល់ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុ។
លោកជំទាវក៏បានថ្លែងអំណរគុណ ដល់បណ្តាក្រុមហ៊ុនអឺរ៉ុបដែលបានវិនិយោគ និងពង្រីកផលិតកម្មនៅកម្ពុជា និងស្នើឱ្យបង្កើនការវិនិយោគឱ្យបានកាន់តែច្រើនថែមទៀត។

ក្នុងឱកាសនេះ លោកស្រី Sharon Toh បានលើកឡើងពីសុទិដ្ឋិនិយមរបស់គណៈប្រតិភូEU-ABC ចំពោះសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងបានលើកសសើរពីការបំពេញតួនាទី បានយ៉ាងល្អរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពប្រព័ន្ធធនាគារ ជាពិសេសការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល។
ទន្ទឹមនឹងការលើកឡើងពីកត្តាប្រឈមមួយចំនួន គណៈប្រតិភូ EU-ABC ក៏បានគូសបញ្ជាក់ពីការតាំងចិត្ត បន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ជាពិសេសលើការវិនិយោគ ដើម្បីពង្រឹងភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម ការអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយចីរភាព និងផ្សារមូលបត្រជាដើម៕









