ប្រតិភូព្រឹទ្ធសភាស្វែងយល់ពីការអភិវឌ្ឍកំពង់ផែសមុទ្រជាចលករ សេដ្ឋកិច្ចដ៏សំខាន់

ដោយៈ ម៉ាណា

    ព្រះសីហនុៈ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ​ និងកំពង់ផែ បានចូលរួមអមដំណើរគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ គណៈកម្មការទី៩ ព្រឹទ្ធសភា គឺដើម្បីស្វែងយល់អំពីស្ថានភាពប្រតិបត្តិការ ការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ។

ក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានស្វាគមន៍ដោយលោកអៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ​ និងកំពង់ផែ រួមមាន លោក ស៊ូ ផល្លី ប្រធាននាយកដ្ឋានរដ្ឋបាលកំពង់ផែ និងសហការី ព្រមទាំងលោក ហួន រត្ន័ អនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ អមដំណើរគណៈកម្មការទី៩ នៃព្រឹទ្ធសភា ក្រោមអធិបតីភាពលោកអ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោក លោកស្រី សមាជិកព្រឹទ្ធសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ ក៏មានការចូលរួមពីតំណាងគណៈអភិបាលខេត្តកំពត តំណាងក្រុមហ៊ុនកំពតផត តំណាងតំបន់សេដ្ឋកិច្ចពិសេស តំណាងប្រតិបត្តិករកំពង់ផែកំពតផត តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត តំណាងកំពង់ផែឯកជនផ្សេងៗ ព្រមទាំងតំណាងវិស្វករ កម្មករ និងភាគីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត ដើម្បីអញ្ជើញចុះទស្សនកិច្ចសិក្សាការងារ នៅកំពង់ផែពហុបំណងកំពតផត និងកំពង់ផែទេសចរណ៍អន្តរជាតិកំពត។

គោលបំណងសំខាន់នៃដំណើរទស្សនកិច្ច របស់គណៈប្រតិភូគណៈកម្មការទី៩ ព្រឹទ្ធសភា គឺដើម្បីស្វែងយល់អំពីស្ថានភាពប្រតិបត្តិការ ការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ព្រមទាំងពង្រឹងកិច្ចសហការរវាងស្ថាប័ននីតិបញ្ញត្តិ និងអង្គភាពអនុវត្ត ក្នុងគោលដៅគាំទ្រការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវទឹក និងឡូជីស្ទីកឱ្យកាន់តែមានប្រសិទ្ធភាព។

ជាលទ្ធផលនៃទស្សនកិច្ចនេះ ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អៀង វ៉េងស៊ុន និងគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសម្របសម្រួល ឱ្យដំណើរការទស្សនកិច្ចប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

ជាមួយគ្នានេះ លោកប្រធានគណៈកម្មការ ក៏បានសម្តែងការកោតសរសើរដល់ម្ចាស់ក្រុមហ៊ុន និងប្រតិបត្តិករកំពង់ផែ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងគ្រប់គ្រងប្រតិបត្តិការបានយ៉ាងមានប្រសិទ្ធភាព ស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខណៈសុវត្ថិភាពល្អ។

ទន្ទឹមនឹងនេះ លោកអ៊ុំ សារិទ្ជ ក៏បានលើកទឹកចិត្តឱ្យបន្តពង្រឹងគុណភាពសេវាកម្ម ការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន បង្កើនចំណូល និងជំរុ​ញកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here