ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេចរណ៍ លោកហួត ហាក់ាបថ្លែងថា សមាគមដឹកអ្នកដំណើរ និងភស្តុភារកម្ពុជា ត្រូវបានចាត់ទុកថា ជាជំនួបដែលមានលក្ខណៈភាពជាដៃគូររវាងរដ្ឋ និងឯកជនយ៉ាងរឹងមាំ លើសេវាកម្មដឹកជញ្ជូនទេសចរណ៍ និងភស្តុភារកម្មក្នុងស្រុក និងឆ្លងកាត់ព្រំដែន។
លោកលើកឡើងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសមាគមដឹកអ្នកដំណើរ និងភស្តុភារកម្ពុជា ដែលដឹកនាំដោយ លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកអ្នកដំណើរ និងភស្តុភារកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងសមាគម ព្រមទាំងរួមគ្នាស្វែងរកវិធានការគន្លឹះ ដើម្បីបន្តរក្សាភាពធន់ និងជំរុញសន្ទុះនៃវិស័យទេសរចណ៍ សំដៅរក្សាឱ្យបាននូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់។
កិច្ចប្រជុំដ៏មានសារៈសំខាន់នាព្រឹកនេះ ក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រីអនុប្រធាន សមាជិក សមាជិកាសមាគមដឹកអ្នកដំណើរ និងភស្តុភារកម្ពុជាសរុប៤៥រូប នៅសាលប្រជុំធំ ទីស្តីការក្រសួងទេសចរណ៍។
ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះសមាគមដឹកអ្នកដំណើរ និងភស្តុភារកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ជាអ្នកផ្សព្វផ្សាយផង និងជាអ្នកនាំយកទេសចរពីតំបន់មួយទៅតំបន់មួយ ក្នុងព្រះរាជាណាចក្រកម្ពុជា និងពីបណ្តាប្រទេសជាប់ព្រំដែនចូលមកកម្ពុជាផងដែរ ជាពិសេសតែងតែចូលរួមជាមួយក្រសួងទេសចរណ៍គ្រប់ពេលវេលា ទាំងពេលសុខដុម និងគ្រាលំបាក ដែលមហាគ្រួសារវិស័យទេសចរណ៍ បានឆ្លងកាត់រយៈពេលជាងមួយឆ្នាំនេះជាមួយគ្នា។
ក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រធានសមាគម ក៏បានស្នើក្រសួងទេសចរណ៍ ជួយជំរុញឱ្យប្រតិបត្តិករទេសចរណ៍ ប្រើប្រាស់ការដឹកជញ្ជូនរបស់សមាគម ព្រមទាំងបញ្ចូលការលក់សំបុត្ររបស់សមាគមទៅក្នុងApp ទេសចរណ៍ផងដែរ។
ជាការឆ្លើយតប លោកហួត ហាក់បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងសម្របសម្រួលជាមួយ សមាគមន៍ទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារ និងសមាគមឧស្សាហកម្មទេសចរណ៍ដទៃទៀត ដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយសមាគមដឹកជញ្ជូន និងភស្តុភារកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបថា ក្រសួងទេសចរណ៍ គ្រោងនឹងដាក់ឱ្យដំណើរការគេហទំព័រ Visit Cambodia និងSuper App របស់ព្រះរាជាណាចក្រកម្ពុជាឆាប់ៗនេះ។
បន្ថែមលើនេះ លោកហួត ហាក់ក៏បានផ្តល់អនុសាសន៍ជូនសមាគមគួរពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសមាជិកភាព ព្រមទាំងរៀបចំជាផែនការសកម្មភាព ដោយអាចបន្សីគ្នាជាមួយផែនការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ ដើម្បីក្លាយជាតម្លៃបន្ថែម ដល់វិស័យទេសចរណ៍កម្ពុជាទាំងមូល។
ជាពិសេសលោករដ្ឋមន្ត្រី ក៏បានគូសរំលេចបន្ថែមអំពីការចូលរួមយុទ្ធនាការផ្សផ្សព្វផ្សាយពីកម្ពុជា ឱ្យបានសកម្មផុលផុស តាមរយៈការចាក់ស្ពតផ្សព្វផ្សាយក្នុងរថយន្តក្រុង និងការរៀបចំដាក់បណ្ណផ្នត់ ឬឯកសារផ្សព្វផ្សាយផ្សេងៗ សម្រាប់ដាក់ក្នុងរថយន្តក្រុង ទាំងដឹកជញ្ជូនក្នុងស្រុក និងឆ្លងកាត់ព្រំដែនជាដើម៕










