ដោយៈ ចំណាន
ព្រះសីហនុៈ ដើម្បីប្រែក្លាយជាឋានសួគ៌ទេសចរណ៍ និងការអភិវឌ្ឍពិតប្រាកដ”លោកម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងថ្នាក់ដឹកនាំរដ្ឋបាលក្រុងកោះរ៉ុង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងលើកកម្ពស់មុខមាត់តំបន់ទេសចរណ៍ដីកោះ។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោកអភិបាលខេត្ត បានដាក់ចេញនូវវិធានការណ៍ម៉ឺងម៉ាត់ និងគោលការណ៍គន្លឹះចំនួន៣ រួមមាន
១. បោសសម្អាតស្កេមអនឡាញ (Online Scam) ឱ្យអស់ពីដីកោះ។
លោកបានសង្កត់ធ្ងន់ថា “ទម្រង់នៃបទល្មើសបច្ចេកវិទ្យា ឬការឆបោកតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ “មិនត្រូវឱ្យមានដាច់ខាត” នៅលើទឹកដីក្រុងកោះរ៉ុង។ លោកបានបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច បង្កើនការត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពសង្ស័យ ដើម្បីធានាថាទីនេះជាតំបន់ប្រកបដោយសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរ។
២. ចក្ខុវិស័យ៖ “ទេសចរណ៍ និងការអភិវឌ្ឍ” តែមួយគត់
គោលដៅចម្បងរបស់រដ្ឋបាលខេត្ត គឺចង់ឃើញក្រុងកោះរ៉ុង រីកចម្រើនទៅមុខតាមរយៈ ការទាក់ទាញវិនិយោគទុន លើវិស៍យសណ្ឋាគារ រីសត និងហេដ្ឋារចនាសម្ព័ន្ធស្អាតៗ។
សេវាកម្មទេសចរណ៍ បង្កើនគុណភាពសេវាកម្ម ដើម្បីឱ្យកោះរ៉ុងក្លាយជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ។ កោះរ៉ុង ត្រូវតែជាទីកន្លែង សម្រាប់តែការសម្រាកកម្សាន្ត និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតែប៉ុណ្ណោះ”។ នេះជាការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្ត។
៣. ការចូលរួមថែរក្សាបរិស្ថាន និងអនាម័យ។ ទន្ទឹមនឹងការការពារសន្តិសុខ លោកម៉ាង ស៊ីណេត ក៏បានអំពាវនាវយ៉ាងទទូចដល់ម្ចាស់ទីតាំងអាជីវកម្ម ត្រូវមានប្រព័ន្ធគ្រប់គ្រង កាកសំណល់ឱ្យបានត្រឹមត្រូវ និងមិនត្រូវបង្ហូរទឹកកខ្វក់ចូលសមុទ្រ។
ភ្ញៀវទេសចរណ៍ ត្រូវចូលរួមទុកដាក់សំរាម ឱ្យមានសណ្តាប់ធ្នាប់ ដើម្បីរក្សាសម្រស់ធម្មជាតិដីកោះ ឱ្យនៅខៀវស្រងាត់ និងឆ្នេរខ្សាច់សក្បុសជានិច្ច។
តាមរយៈបទបញ្ជាដ៏ក្ដៅគគុកនេះ បង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការកម្ចាត់មេរោគសង្គម និងការកសាងទំនុកចិត្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីរុញច្រានឱ្យសេដ្ឋកិច្ចនៅក្នុងក្រុងកោះរ៉ុងមានភាពរឹងមាំ និងមាននិរន្តរភាព៕











