តម្លៃប្រេងសាំងនៅលើពិភពលោកចាប់ផ្ដើមឡើងថ្លៃ ដោយសារការបិទច្រកសមុទ្រ ហ័រមូស (Hormuz) តើច្រកសមុទ្រនេះដើរតួនាទីសំខាន់បែបណា?

(ភ្នំពេញ)៖ ច្រកសមុទ្រ ហ័រមូស (Hormuz) គឺជាកំពូលច្រកសមុទ្រទាំង ១៥ នៅលើពិភពលោក ដែលមានសារៈសំខាន់ខាងយុទ្ធសាស្ត្រ តភ្ជាប់ឈូងសមុទ្រពែក្សទៅកាន់ឈូងសមុទ្រអូម៉ង់ ឆ្ពោះទៅសមុទ្រអារ៉ាប់ និងមហាសមុទ្រឥណ្ឌា ដោយស្ថិតនៅចន្លោះប្រទេសអ៉ីរ៉ង់ អារ៉ាប់រួម និងអូម៉ង់។ ការបិទច្រកសមុទ្រនេះ អាចបណ្ដាលឱ្យតម្លៃប្រេងកើនឡើងខ្ពស់ និងបង្កភាពវឹកវរដល់ទីផ្សារថាមពលពិភពលោក។

ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រេងខ្នាតយក្ស និងពាណិជ្ជករជាច្រើនបានផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន ក្រោយអ៉ីរ៉ង់ប្រកាសបិទនាវាចរណ៍ទាំងស្រុង ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល។ ប្រមាណ ២០ភាគរយនៃប្រេងពិភពលោក រួមទាំងការផលិតពីអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អ៉ីរ៉ាក់ គុយវ៉ែត និងអ៉ីរ៉ង់ រួមទាំងឧស្ម័ន LNG ចំនួនច្រើនសន្ធឹកសន្ធាប់ពីប្រទេសកាតា សុទ្ធតែត្រូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់មួយនេះ។

តើច្រកសមុទ្រ Hormuz ជាអ្វី? ហើយហេតុអ្វីវាសំខាន់ម្ល៉េះ?

​នៅក្នុងពិភពលោកដែលដំណើរការដោយថាមពល មានផ្លូវទឹកមួយកន្លែងដែលគេប្រៀបប្រដូចទៅនឹង «សរសៃឈាមបេះដូង» នៃសេដ្ឋកិច្ចសកល។ នោះគឺ ច្រកសមុទ្រ Hormuz។ ​បើប្រៀបធៀបសេដ្ឋកិច្ចពិភពលោកទៅនឹងរាងកាយមនុស្ស ច្រកសមុទ្រ Hormuz គឺជាសរសៃឈាមធំដែលចិញ្ចឹមបេះដូង។ បើទោះបីជាវាមានទទឹងត្រឹមតែប្រហែល ៣៣ គីឡូម៉ែត្រ នៅចំណុចដែលចង្អៀតបំផុតក៏ដោយ ប៉ុន្តែវាជាផ្លូវតែមួយគត់ដែលតភ្ជាប់ឈូងសមុទ្រពែក្ស ទៅកាន់មហាសមុទ្រឥណ្ឌា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​១. ហេតុអ្វីបានជាច្រកសមុទ្រនេះ ជា «ដង្ហើមសេដ្ឋកិច្ច»?

​ច្រក Hormuz គឺជាផ្លូវទឹកតែមួយគត់ដែលតភ្ជាប់រវាង «ឃ្លាំងប្រេងមហាសាល» នៅមជ្ឈិមបូព៌ា ទៅកាន់ទីផ្សារពិភពលោក។

*តួលេខដ៏ធំសម្បើម៖ ២០% នៃប្រេងឆៅ និង ២៥% នៃឧស្ម័ន (LNG) ដែលមនុស្សលោកប្រើប្រាស់រាល់ថ្ងៃ។
*សម្រាប់អាស៊ី៖ ច្រកនេះសំខាន់ជាងគេបំផុតសម្រាប់ពួកយើង ព្រោះប្រេងជាង ៨០% ដែលចេញពីទីនេះ គឺដឹកមកចិញ្ចឹមរោងចក្រ និងយានយន្តនៅអាស៊ី (ចិន ឥណ្ឌា ជប៉ុន កូរ៉េ និងតៃវ៉ាន់)។

​២. ល្បែងនយោបាយដែលបង្កហានិភ័យ (២០២៥-២០២៦)

បច្ចុប្បន្ន ភាពតានតឹងរវាង អុីរ៉ង់ និង សហរដ្ឋអាមេរិក(ដោយសារអ្នកឡបប៊ីអ៊ីស្ត្រាអែល) បានធ្វើឱ្យច្រកនេះក្លាយជា «ចំណាប់ខ្មាំង» សម្រាប់ចរចានយោបាយ

*អាវុធសេដ្ឋកិច្ច៖ អុីរ៉ង់ដែលស្ថិតនៅជាប់ច្រកនេះ តែងតែប្រើពាក្យថា «បិទច្រក» ដើម្បីគំរាមពិភពលោក ដើម្បីដាក់សម្ពាធអាមេរិក។ យុទ្ធសាស្ត្រគឺសាមញ្ញ៖ «បើអុីរ៉ង់នាំប្រេងចេញមិនបាន អ្នកដទៃក៏មិនត្រូវសង្ឃឹមថានឹងដឹកចេញបានស្រួលដែរ»
*បច្ចេកទេសរារាំង៖ ការប្រើដ្រូនវាយប្រហារ ឬការដាក់មីនក្រោមទឹក គឺជាសុបិនអាក្រក់ដែលធ្វើឱ្យនាវាដឹកប្រេងយក្សៗមិនហ៊ានឆ្លងកាត់។

៣. ផលប៉ះពាល់ដល់ «កាបូបលុយ» របស់យើង

​កុំស្មានថាវាជារឿងនៅឆ្ងាយ បើច្រក Hormuz មានបញ្ហា ផលប៉ះពាល់នឹងមកដល់មាត់ទ្វារផ្ទះយើងភ្លាម៖

*សាំងឡើងថ្លៃ៖ តម្លៃប្រេងអាចហក់ឡើងលើស ១០០ ដុល្លារ/បារ៉ែល ក្នុងពេលមួយប៉ប្រិចភ្នែក។
*ទំនិញឡើងថ្លៃ៖ នៅពេលសាំងឡើងថ្លៃ តម្លៃដឹកជញ្ជូនបន្លែ ត្រី សាច់ និងសម្ភារៈប្រើប្រាស់នឹងឡើងថ្លៃតាមភ្លាម (អតិផរណា)។

៤. តើគេអាច «បិទច្រក» នេះបានរហូតដែរឬទេ?

​ចម្លើយគឺ៖ «ពិបាកណាស់»។ ទោះបីជាអារ៉ាប៊ីសាអូឌីតមានបំពង់ប្រេងវាងតាមដីគោក ក៏វាអាចជួយបានត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។

ប៉ុន្តែ ការបិទច្រកទាំងស្រុង គឺជាយុទ្ធសាស្ត្រ «សម្លាប់ខ្លួនឯង» ព្រោះ៖

*អុីរ៉ង់ក៏ត្រូវការលុយ៖ អុីរ៉ង់ខ្លួនឯងក៏ត្រូវការច្រកនេះ ដើម្បីលក់ប្រេងទៅឱ្យចិនដែរ។
*ពិភពលោកមិនព្រម៖ បើបិទច្រកនេះ ពិភពលោកទាំងមូលនឹងរួមដៃគ្នាប្រើកម្លាំងបាយដើម្បីបើកវាវិញ ព្រោះវាប៉ះពាល់ដល់ដង្ហើមសេដ្ឋកិច្ចសកលខ្លាំងពេក។

ច្រក Hormuz មិនមែនគ្រាន់តែជាកន្លែងដឹកប្រេងទេ ប៉ុន្តែវាគឺជា «ជញ្ជីង» ដែលកំណត់វាសនាសេដ្ឋកិច្ចលោក។ នៅឆ្នាំ២០២៦នេះ ដរាបណាមានសន្តិភាពនៅច្រកនេះ ដរាបនោះតម្លៃសាំង និងទំនិញនៅលើទីផ្សារនឹងនៅតែមានស្ថិរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here