ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យការពារជាតិនៃក្រសួងការពារជាតិ បានចុះអនុស្សរណយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និស្សិត និងសិក្ខាកាមនៃសាកលវិទ្យាល័យការពារជាតិ”។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីលោកតុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងក្រសួងទេសចរណ៍ និងលោកឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ តំណាងសាកលវិទ្យាល័យការពារជាតិ ជាអ្នកហត្ថលេខីលើអនុស្សរណៈនៃការយោគយល់នេះ។
ថ្លែងក្នុងពិធីដ៏សែនមនោរម្យនេះ លោករដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណដោយស្មោះ ចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជន ដោយការខិតខំប្ដូរផ្ដាច់ លះបង់សាច់ស្រស់ ឈាមស្រស់ ពលីកម្មតស៊ូ ក្នុងសមរភូមិ និងគ្រប់កាលៈទេសៈ តែងតែនៅជាប់ការពារប្រជាជន ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះគឺគុណបំណាច់ដ៏ធំធេង និង ធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាគោរពចងចាំជានិច្ច។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារដ៏មានសារៈសំខាន់ និងជាសក្ខីភាព នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រមួយ ដែលផ្សារភ្ជាប់វិស័យទេសចរណ៍ ជាមួយនឹងគុណតម្លៃនៃការថែរក្សាសន្តិភាព ដែលបានបង្ហាញអំពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណង សំខាន់ៗចំនួន២ រួមមាន៖ ទី១). ការបណ្ដុះបណ្ដាលកសាងសមត្ថភាព ចែករំលែកបទពិសោធ និងចំណេះដឹងអំពីវិស័យទេសចរណ៍ តាមរយៈបាឋកថា សិក្ខាសាលា ការបណ្តុះបណ្តាល និងការបញ្ជ្រាបចំណេះដឹង ក្នុងកម្មវិធីសិក្សាយោធា។
ទី២). ការជំរុញចលនាទេសចរណ៍ក្នុងស្រុក តាមរយៈការរៀបចំទស្សនកិច្ចសិក្សា ទៅកាន់តំបន់ទេសចរណ៍នានា ដើម្បីលើកកម្ពស់គុណតម្លៃនៃមរតកវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិ ព្រមទាំងបំផុសទឹកចិត្ត “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី” និង “ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី”។
លោករដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា មូលដ្ឋានគ្រឹះដ៏រឹងមាំរបស់វិស័យទេសចរណ៍ គឺសន្តិសុខ និងសន្តិភាព ពោលគឺ វិស័យការពារជាតិ គឺជាសរស្ដម្ភគ្រឹះដ៏សំខាន់ ដើម្បីធានាថាប្រទេសជាតិមិនវិលត្រឡប់ទៅរកសង្រ្គាមស៊ីវិល ឬការបែកបាក់ដូចអតីតកាល និងការការពារកុំឱ្យមានការឈ្លានពាន ពីសំណាក់ខ្មាំងសត្រូវអមិត្តនានា។
លោកបញ្ជាក់ថា “បើគ្មានសន្តិភាព និងស្ថិរភាពផ្ទៃក្នុង ដែលត្រូវបានការពារយ៉ាងរឹងមាំ ដោយកងកម្លាំងប្រដាប់អាវុធទេ នោះការអភិវឌ្ឍលើវិស័យផ្សេងៗទៀត ក៏មិនអាចប្រព្រឹត្តទៅបានយ៉ាងរលូន និងមានប្រសិទ្ធភាពឡើយ”។ លោកបន្ថែមថា “ពិតណាស់ សន្តិភាព គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការរីកចម្រើនសេដ្ឋកិច្ច សង្គម និងវប្បធម៌ ខណៈស្ថិរភាពជាតិ ជាធាតុផ្សំចាំបាច់ សម្រាប់ការទាក់ទាញវិនិយោគ និងភ្ញៀវទេសចរ”។
ក្នុងបរិបទនេះ លោកហួត ហាក់បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ និងវិស័យការពារជាតិ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងអាចបំពេញឱ្យគ្នាទៅវិញទៅមក។ ក្នុងន័យនេះ អនុស្សរណៈនៃការយោគយល់គ្នាដ៏មានអត្ថន័យនេះ មិនត្រឹមតែជាឯកសារផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃទស្សនវិស័យរួម និងឆន្ទៈរួម ក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវិស័យការពារជាតិឱ្យឈានឆ្ពោះ ទៅរកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន៕








