ដោយៈ មាណវី
ភ្នំពេញៈ លោកយឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធី “Driving Tourism Businesses in Cambodia by Vee Together” នៃគម្រោង “Digitally Inclusive Commerce Ecosystem (DICE)” ដែលរៀបចំឡើងដោយក្រុមហ៊ុន វីសាកាលពីចុងសប្តាហ៍មុន។
ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីរបស់ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងក្រុមហ៊ុន វីសា និងភ្ឋៀវកត្តិយសជាច្រើនរូបទៀត ដើម្បីអបអរសាទរការដាក់ឱ្យដំណើរ ការជាផ្លូវការនូវកម្មវិធី DICE ។
កម្មវិធីនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងជំរុញការអភិវឌ្ឍ និងការពង្រឹងសមត្ថភាព ប្រកួតប្រជែងរបស់អាជីវកម្មក្នុងស្រុក ជាពិសេសសហគ្រាសធុនមីក្រូធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍ តាមរយៈការផ្តល់ការបណ្តុះបណ្តាលជំនាញ ការពង្រីកលទ្ធភាព ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងការជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល ដើម្បីរួមចំណែកក្នុងការពង្រឹងភាពធន់ និងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាពនៅកម្ពុជា៕









