ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផ្សារហ៊ុនកម្ពុជាលោក ហុង សុហួរ បានបង្ហាញការគាំទ្រ ចំពោះការដាក់ចេញយុទ្ធនាការបង្រ្កាបការឆបោកតាមអនឡាញ ដែលនឹងធ្វើឱ្យវិនិយោគិនក្នុងផ្សារទាំងក្នុង និងក្រៅស្រុកមានទំនុកចិត្ត និងបង្កើនការវិនិយោគភាគហ៊ុននៅកម្ពុជាឱ្យកាន់តែច្រើន។
លោកបានមានប្រសាសន៍ថា “ដោយសារតែបញ្ហាឆបោកតាមអនឡាញ បានធ្វើឱ្យវិនិយោគិនជាច្រើន បាត់បង់ទំនុកចិត្តក្នុងការវិនិយោគលើភាគហ៊ុន ដែលជាឧបសគ្គមួយធ្វើឱ្យទីផ្សារមិនរីកចម្រើន”។
ជាមួយគ្នានេះ លោកបានឱ្យដឹងថា ផ្សារហ៊ុនកម្ពុជាបានដាក់គោលដៅ ក្នុងទាក់ទាញវិនិយោគិនបរទេសឱ្យបានច្រើន ដើម្បីទំនុកចិត្តវិនិយោគិនក្នុងស្រុកផងដែរ។
លោក ហុង សុហួរបានអះអាងថា ក្រុមហ៊ុនទាំងអស់ ដែលចុះបញ្ជីក្នុងផ្សារហ៊ុនបាន គឺបានបំពេញលក្ខខណ្ឌខ្ពស់ ក្នុងការគ្រប់គ្រងអាជីវកម្ម ដែលវិនិយោគិនអាចទុកចិត្តបាន។
លោក ហុង សុហួរ បានបញ្ជាក់ទៀតថា ក្រុមហ៊ុនទាំងអស់ ដែលអាចមកចុះបញ្ជី នៅក្នុងផ្សារហ៊ុនបាន គឺបានបំពេញលក្ខខណ្ឌខ្ពស់ណាស់ ក្នុងចំណោមអាជីវកម្មនៅកម្ពុជា បើធៀបនឹងស្រុកគេ ក៏មិនចាញ់ស្រុកគេនោះដែរ ទាំងស្ដង់ដារ និងការចាត់ចែងអាជីវកម្ម មានកម្រិតខ្ពស់៕









