រដ្ឋមន្រ្តីអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ការយកចិត្តទុកដាក់នេះ ធ្វើឡើងតាមរយៈការពង្រឹងសមត្ថភាព ភាពប្រកួតប្រជែង និងភាពធន់នៃមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេស គឺការគិតគូរផ្តល់ភាពកក់ក្តៅជូនបង ប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងអនាគតរបស់បងប្អូន តាមរយៈការបង្កើតឱកាសមុខរបរ ការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ការចុះឈ្មោះតាមថ្នាលឌីជីថល អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការចុះឈ្មោះទទួលយកបណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ (Skills Voucher) ក្នុងវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានកំណត់យកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាសសរស្ដម្ភមួយយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ព្រោះសេដ្ឋកិច្ចក្រៅប្រព័ន្ធបាននិងកំពុងបង្កើតការងារប្រមាណជាង៨៥% សម្រាប់ប្រជាពលរដ្ឋខ្មែរ។

ក្នុងពិធីយ៉ាងអធិកអធមនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ លោកឆាយ វីរៈ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជានិងមន្រ្តីពាក់ព័ន្ធ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងបន្តថា រាជរដ្ឋាភិបាល បន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព ភាពប្រកួតប្រជែង និងភាពធន់នៃមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ និងប្រកបដោយសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ជាពិសេស គឺការគិតគូរផ្តល់ភាពកក់ក្តៅជូនបងប្អូន អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យទទួលបានកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងអនាគតរបស់បងប្អូន តាមរយៈការបង្កើតឱកាសមុខរបរ ការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ។

ជាមួយគ្នានេះ ដើម្បីអាចផ្ដល់ឧត្ដមប្រយោជន៍ ជាអតិបរមាជូនដល់បងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរច្បាស់លាស់  និងបានផ្តល់អាទិភាពលើការកសាងមូលដ្ឋានទិន្នន័យ នៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានច្បាស់លាស់ ដែលជាចំណុចគន្លឹះសម្រាប់ការវិភាគ និងជាមូលដ្ឋានសម្រាប់ការរៀបចំយន្តការ គាំទ្ររបស់រាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័នជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព ក្នុងនោះរាជរដ្ឋាភិបាល បានបង្កើត និងដាក់ឱ្យដំណើរការថ្នាលឌីជីថល សម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឥតបង់ថ្លៃ និងដោយស្ម័គ្រចិត្ត និងការចុះឈ្មោះដោយផ្អែកលើព័ត៌មាន តាមរយៈការធ្វើស្វ័យប្រកាស ដែលមានទម្រង់សាមញ្ញ ងាយស្រួល និងចំណេញពេលវេលា។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេស​ចរណ៍ លេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តទាំង២៤។ មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥, សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត, ប្រាជ្ញា ស្មារតី, និងពេលវេលា, ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការជំរុញការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការចុះឈ្មោះយកបណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រី មានជឿជាក់យ៉ាងមុតមាំថា ការរួមចំណែករបស់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ នៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាវិស័យនានា នឹងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ នៅក្នុងទីផ្សារការងារលើគ្រប់វិស័យ ប្រកបដោយស័ក្តិសិទ្ធិភាព ប្រសិទ្ធភាព និងចីរភាព ជាពិសេសដើម្បីធានាឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាន់តែមានលទ្ធភាព, កាន់តែធំធាត់រីកចម្រើន និងកាន់តែមានសក្តានុពល ដើម្បីចូលរួមចំណែកឱ្យបានពេញលេញ ក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here