ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមវិនិយោគិនរង់ចាំមើលថា តើការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចបញ្ចៀសនូវជម្លោះយោធារវាងប្រទេសទាំងពីរឬយ៉ាងណា។
លោក Steve Witkoff និងលោក Jared Kushner ប្រេសិតសហរដ្ឋអាមេរិក គ្រោងនឹងជួបជាមួយគណៈប្រតិភូអ៊ីរ៉ង់ សម្រាប់កិច្ចចរចាជុំទី៣ លើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។លទ្ធផលនៃកិច្ចចរចានេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងលើទិសដៅនៃតម្លៃប្រេងឆៅ។
តម្លៃប្រេងឆៅ Brent future បានកើនឡើង២១សេនដល់៧១,០៦ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0720 GMT ខណៈតម្លៃប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកបានកើនឡើង១៦សេនដល់៦៥,៥៨ដុល្លារក្នុងមួយបារ៉ែល៕







