CITAចុះMOUជាមួយស្ថាប័នចំនួន២ដើម្បីលើកកំពស់ជំនាញ គណនយ្យ ពន្ធដា និងហិរញ្ញវត្ថុ

ដោយៈ ចំណាន

    ភ្នំពេញៈ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមគណ​នេយ្យករជំនាញ (ACCA) និងវិទ្យាស្ថានគណនេយ្យធុរកិច្ច (BSA)។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី លោកជា កុសល រដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសណ្ឋាគារ ហៃយ៉ាត់ រេជិនស៊ី រាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះហត្ថលេខានាពេលនេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការបណ្តុះបណ្តាល និងលើកកម្ពស់គុណភាពធនធានមនុស្សក្នុងផ្នែកជំនាញគណនេយ្យធុរកិច្ច ហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា។

ថ្លែងក្នុងនាមជាអ្នកសង្កេតការណ៍មួយរូប និងក្នុងនាមក្រសួងដែលទទួលបន្ទុក វិស័យរបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លោកជា កុសល បានវាយតម្លៃខ្ពស់ ចំពោះគោលបំណងនៃអនុស្សរណៈទាំងពីរ ដែលផ្តោតលើការបណ្តុះបណ្តាល តាមស្តង់ដាអន្តរជាតិ ដើម្បីរៀបចំយុវជនឱ្យមានសមត្ថភាពខ្ពស់ ស្របតាមតម្រូវការទីផ្សារការងារតំបន់ និងសកលលោក ហើយដែលកិច្ចសហការនេះក៏នឹងសង្កត់ធ្ងន់លើការអនុវត្តជាក់ស្តែង ការធានាគុណភាពសិក្សា និងការបង្កើតស្ពានតភ្ជាប់ រវាងការសិក្សានិងឧស្សាហកម្ម តាមរយៈកម្មវិធីតម្រង់ទិស និងការបង្កើតបណ្តាញទំនាក់ទំនងវិជ្ជាជីវៈ។

លោករដ្ឋលេខាធិការ ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រក​បដោយបរិយាបន្ន និងនិរន្តរភាព ដែលនាំមកនូវផលប្រយោជន៍ដ៏មហាសាលដល់សង្គមជាតិទាំងមូល។

ជាមួយគ្នានព លោកជំទាវឧកញ៉ា តាំង ជូលី ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមក្នុងការអភិវឌ្ឍជំនាញបច្ចេកទេសវិជ្ជាជីវៈ ឱ្យកាន់តែល្អប្រសើរ និងមានស្តង់ដាខ្ពស់ ជាពិសេសលើជំនាញគណនេយ្យធុរកិច្ច ហិរញ្ញវត្ថុ និងពន្ធដារ។

ទន្ទឹមនេះលោកជំទាវ បញ្ជាក់បន្ថែមថា សិស្សដែលបញ្ចប់ការសិក្សាដោយជោគជ័យ នឹងទទួលបានវិញ្ញាបនបត្ររួម ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងការបញ្ជាក់គុណវុឌ្ឍិអន្តរជាតិពីស្ថាប័នACCA ផងដែរ។

តាមរយៈសកម្មភាពទាំងនេះ ភាគីពាក់ព័ន្ធមិនត្រឹមតែចូលរួមបណ្តុះបណ្តាលជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវទំនុកចិត្ត និងអនាគតដ៏រុងរឿង សម្រាប់សិក្ខាកាមគ្រប់រូប ក្នុងគោលដៅបង្កើតសក្តានុពលធនធានមនុស្សប្រកប ដោយចីរភាព ដើម្បីចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here