រោងចក្រខ្នាតធំជាង៦០០បានបានដំណើរការនៅកម្ពុជា កាលពីឆ្នាំ២០២៦

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រោងចក្រធុនធំកំពុង​ដំណើរការ​នៅ​កម្ពុជា គិត​ត្រឹម​ចុង​ឆ្នាំ​២០២៥ មានប្រមាណ​៣ពាន់រោងចក្រ​ កើនឡើង​​ជិត៣០% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ខណៈរោងចក្រធុនធំ ដែល​បាន​​បិទទ្វារក្នុងឆ្នាំ២០២៥មានចំនួនជាង៤០រោងចក្រ។ នេះ​បើ​យោងតាម​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍។​​

របាយការណ៍​​ក្រសួង​ឧស្សាហកម្ម បង្ហាញ​​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥ នៅកម្ពុជា​មាន​រោងចក្រធុនធំដំណើរការចំនួន៣០៤៣ រោងចក្រ កើនឡើង៦៥៨រោងចក្រ ឬស្មើនឹង២៧,១៣% បើធៀបនឹងឆ្នាំ២០២៤។ ជាមួយ​គ្នា​នេះក៏មាន​​រោងចក្រធុនធំបិទទ្វារចំនួន៤៣ផងដែរ ខណៈ​ក្នុង​ឆ្នាំ​២០២៤ មាន​​រោងចក្រ​២៦បិទទ្វារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុង​ចំណោម​រោងចក្រ​ទាំង៣០៨៣ គឺចំនួន៨៩៥ ស្ថិតក្នុង​រាជធានីភ្នំពេញ។ ចំនួន៦០៣ នៅ​ខេត្ត​កំពង់ស្ពឺ ចំនួន៤០៣នៅ​ខេត្ត​កណ្តាល ចំនួន៣២៧ នៅ​ខេត្តស្វាយរៀង ចំនួន៣០៥ នៅ​ខេត្ត​ព្រះសីហនុ, និង២៣១ នៅខេត្ត​តាកែវ ​ជា​ដើម។

ភាគ​ច្រើន​នៃ​រោងចក្រ​ទាំង​នោះ គឺជា​​រោងចក្រ​កាត់ដេរសម្លៀកបំពាក់, កែច្នៃផលិតផល​ពីស្បែក ក្រដាស និង​ផលិតផលពីក្រដាស ផលិតផល​ម្ហូបអាហារ បរិក្ខាអគ្គិសនី ផលិតផល​កៅស៊ូ និង​ផ្លាស្ទិក ​គ្រឿង​សង្ហារិម ផលិតផល​ពីរ៉ែអលោហៈ និង​ផលិតផល​ពី​ឈើ​។

ជាមួយ​គ្នា​នេះចំនួន​កម្លាំងពលកម្ម ​ដែល​កំពុង​បម្រើការ​តាមបណ្តា​រោងចក្រ​​ ក្នុង​ឆ្នាំ​២០២៥ គឺ​​ប្រមាណ១,២៧លាននាក់ កើន​ឡើង ៩,៣៨%​ បើ​ធៀប​នឹង​ឆ្នាំ​២០២៤។​ នេះ​បើ​តាម​ក្រសួង​ឧស្សាហកម្ម។​

ក្រសួង​បាន​លើក​ឡើង​ថា ចាប់តាំង​ពី​ដើមនីតិកាលទី៧ រាជរដ្ឋាភិបាលកម្ពុជា​បានខិតខំយ៉ាង​ខ្លាំង ​​ក្នុងការកែទម្រង់ជាបន្តបន្ទាប់ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការ​អភិវឌ្ឍសង្គម- សេដ្ឋកិច្ចប្រកប​ដោយចីរភាព។រាជរដ្ឋាភិបាលនៅតែបន្តខិត​ខំ​ពង្រឹង ភាពប្រកួតប្រជែង ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ តាមរយៈការកែលម្អបរិយាកាសធុរកិច្ច, ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក សំដៅជំរុញការតភ្ជាប់ទៅនឹងខ្សែច្រវាក់ផលិតកម្ម​ក្នុងតំបន់ និងសកល ការចាប់យកសកម្មភាពផលិតកម្មដែលបង្កើនតម្លៃបន្ថែម​កាន់តែខ្ពស់ ការបង្កើតការងារបន្ថែមកាន់តែច្រើន​សម្រាប់ពលកម្មមាន​ជំនាញ និង​ការពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិឱ្យកាន់តែទូលំទូលាយ។ល។

ក្រសួង​បញ្ជាក់​​ថា ​វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ជាឧបករណ៍យុទ្ធសាស្ត្រចាំបាច់មួយ ​ក្នុង​ការ​ឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងជាកម្លាំងចលករមួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមកម្ពុជា។ ជាក់ស្តែង​ក្នុងឆ្នាំ២០២៥ វិស័យឧស្សាហកម្មបានបន្តនិន្នាការកើនឡើង ក្នុងរង្វង់ ៩,៣% ដោយឡែកក្នុងឆ្នាំ២០២៦ នេះទោះបីត្រូវប្រឈមនឹងបញ្ហាជាច្រើន រួមទាំងអរិភាពព្រំដែនជាមួយប្រទេសជិតខាងក្តី ក៏វិស័យ​នេះត្រូវបានព្យាករណ៍មានកំណើន ៧,២% ផងដែរ។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ថា ការ​កែទម្រង់​ប្រព័ន្ធ​ច្បាប់វិនិយោគ កំណើន​ផលិតភាព​នៃ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក និង​មាន​​ទីផ្សារ​នាំចេញធំទូលាយ បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់​ទាញ​វិនិយោគិនជាតិ និង​អន្តរជាតិ​កាន់​តែ​ច្រើន​ឱ្យ​បើក​រោងចក្រ​ផលិត​ផ្ទាល់​។

លោក​បន្ត​ថា កំណើន​រោងចក្រ ជា​ពិសេស​រោងចក្រ​ធុនធំ គឺ​ពិត​សារៈ​សំខាន់​ណាស់​សម្រាប់​កម្ពុជា​នា​ពេល​នេះ។ មួយ​វិញ​ទៀត​បើ​គេ​សង្កេតមើល​ជា​ទូទៅ គឺ​រោងចក្រ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​មិន​មែន​សុទ្ធ​តែជាប្រភេទ​ឧស្សាហកម្ម ​ធុន​ស្រាល​ដូច​កាល​ពី​មុន​ឡើយ​។​​

លោកបាន​ថ្លែង​ថា​ ការ​កែលម្អច្បាប់​វិនិយោគឱ្យ​​​ទាក់​ទាញ សម្បូរពលកម្ម​ មាន​​ទីផ្សារ​បរទេស​​ចាំបញ្ជា​ទិញ​ និង​ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ដែល​កម្ពុជា​បាន​ចុះ​ជាមួយ​ប្រទេសនានា គឺ​ជា​ចំណែក​​សំខាន់ដែល​​ជួយ​ជំរុញ​កំណើន​ការ​នាំ​ចេញ​ទំនិញ និង​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​រីក​ចម្រើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here