ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកគង់ ផល្លៈ បានអញ្ជើញជាអធិបតីបើក “កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលស្តីពីកិច្ចការពារទិន្នន័យបុគ្គល”។
វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលនេះសហការរៀបចំដោយ ក.ប.ទ. និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមការគាំទ្រពីគម្រោង EU-German GATE ដែលមានអ្នកចូលរួមមកពី នាយកដ្ឋាននីតិកម្មនៃក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងអ្នកតំណាង គម្រោង EU-German GATE សរុបចំនួន៣០នាក់។
លោកគង់ ផល្លៈ បានថ្លែងសុន្ទរកថាគន្លឹះ ពាក់ព័ន្ធនឹងសារៈសំខាន់ នៃច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល និងការកសាង “ទំនុកចិត្ត (TRUST)” ដែលជាមូលដ្ឋានគ្រឹះនៃអនាគតឌីជីថល និងសង្គមឌីជីថលរបស់កម្ពុជា។
លោកបានពន្យល់អំពីអត្ថន័យ នៃពាក្យ“ទំនុកចិត្ត (TRUST)” ដែលជាពាក្យត្រូវចងចាំ ក្រោយបញ្ចប់វគ្គសិក្សា៖ ១) បម្លែងច្បាប់ស្តីពីកិច្ចការពារទិន្នន័យទៅជាការអនុវត្តជាក់ស្តែង (T–Translate Personal Data Protection Law into Practice) ២) ពង្រឹងតួនាទីស្ថាប័នក្នុងការបញ្ជ្រាបការយល់ដឹង អំពីច្បាប់ស្តីពីកិច្ចការពារទិន្នន័យ (R–Reinforce Institutional Roles related to the Awareness of the Personal Data Protection law) ៣) យល់ដឹងអំពីអភិបាលកិច្ចហានិភ័យទិន្នន័យបុគ្គល ( U–Understand Personal Data Risk-Based Governance)។
៤ ការបង្កើនចំណេះដឹង និងបណ្តុះអ្នកបន្តវេន ដើម្បីបន្តចែករំលែកចំណេះដឹងទៅកាន់ស្ថាប័នផ្សេងទៀត (S–Sustain Knowledge through Training Multipliers ) និង ៥) បម្លែងវប្បធម៌ឌីជីថលឱ្យក្លាយជាចលនាជាតិ ប្រកបដោយទំនួលខុសត្រូវ សុចរិតភាព និងទំនុកចិត្ត ក្នុងកិច្ចការពារទិន្នន័យបុគ្គល (T–Transform digital culture into a national movement grounded in accountability, integrity, and trust for the protection of personal data)៕








