ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានស្ទុះងើបឡើងថ្លៃនៅថ្ងៃពុធនេះ ដែលនាំមុខដោយការស្ទុះឡើងនៃតម្លៃភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង ខណៈក្រុមវិនិយោគិនចាត់ទុកភាគហ៊ុនទាំងនោះជាជម្រើសដែលមានសុវត្ថិភាពសម្រាប់ការវិនិយោគលើបញ្ញាសិប្បនិម្មិត (AI)។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៨ភាគរយ គិតត្រឹមម៉ោង១១:៥៩នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ២,៦២ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,០៩ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៧៥ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ១,២៤ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ១,២ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ២,៥២ភាគរយ៕







