ដោយៈ ម៉ាលីណា
ឥណ្ឌាៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធឧស្សាហកម្មឥណ្ឌា ដឹកនាំដោយលោកSahil Dharia អនុប្រធានសហព័ន្ធឧស្សាហកម្មឥណ្ឌា ដោយមានការចូលរួម ពីតំណាងក្រុមហ៊ុនដែលជាសមាជិករបស់CII ជាច្រើនរូប។
នៅក្នុងជំនួបនេះ ភាគីទាងពីរបានពិភាក្សា អំពីយន្តការនៃការជំរុញវិស័យពាណិជ្ជកម្ម សំដៅស្វែងរកនូវកាលានុវត្តភាព ក្នុងការធ្វើធុរកិច្ច និងវិនិយោគរវាងកម្ពុជា និងឥណ្ឌា ដោយលោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនឥណ្ឌា មកប្រកបធុរកិច្ចនិងវិនិយោគនៅកម្ពុជា ជាពិសេសជ្រើសយកកម្ពុជាជាមូលដ្ឋាន ដើម្បីចូលទីផ្សារតំបន់ និងទីផ្សារអនុគ្រោះដទៃទៀត។
សហព័ន្ធឧស្សាហកម្មឥណ្ឌា មានសមាជិកផ្ទាល់ប្រមាណ ៩០០០ មកពីវិស័យឯកជន និងរដ្ឋ រួមទាំងសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនអន្តរជាតិ ព្រមទាំងសមាជិកដោយប្រយោលជាង៣០០,០០០៕








