ដោយៈ ចំណាន
ភ្នំពេញៈ លោកUENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនកម្ពុជាបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសំអាតក្រុមឆបោកតាមប្រព័ន្ធអនឡាញ។
លោកបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី៣១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការគាំទ្រ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា លើការងារសំខាន់ៗរួមមាន៖ (១) ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ ដែលការណ៍នេះ បានជួយពង្រឹងទំនុកចិត្ត និងសុវត្ថិភាពសម្រាប់វិនិយោគិន និង (២) ការដោះស្រាយបញ្ហាតានតឹង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយប្រើប្រាស់មធ្យោបាយការទូត ដែលជាកត្តាគន្លឹះក្នុងការស្តារ និងលើកកម្ពស់បរិយាកាសវិនិយោគ និងភស្តុភារកម្មឱ្យមានភាពល្អប្រសើរឡើងវិញ។
ប្រធានបទដែលបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំលើកទី៣១នេះ មានវិសាលភាពគ្របដណ្តប់ លើការងារសំខាន់ៗជាច្រើន រួមមាន៖ វិស័យសារពើពន្ធ បរិស្ថាន ពាណិជ្ជកម្ម ភស្ដុភារកម្ម ថាមពល និងសន្តិសុខសាធារណៈ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា សរុបប្រមាណ២០០រូប ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសហប្រធានក្នុងកិច្ចប្រជុំបានលើកឡើង ដោយបានរំលឹកឡើងវិញនូវសាវតារ នៃយន្តការសន្ទនានេះ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ និងកិច្ចការសំខាន់ៗមួយចំនួនដែលរួមគ្នាធ្វើ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ ក្រោមក្របខ័ណ្ឌនៃ “កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ” ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ដោយសម្ដេចតេជោអតីតនាយករដ្ឋមន្រ្ដី និងអតីតនាយករដ្ឋមន្រ្ដីជប៉ុន លោកស៊ីនហ្សូ អាបេ ហើយកិច្ចព្រមព្រៀងនេះ បានចូលជាធរមានកាលពីឆ្នាំ២០០៨។
លោកបន្ថែមទៀតថា “នៅពេលនោះ កត្តាកំណត់ចម្បងសម្រាប់ទាក់ទាញ ការវិនិយោគពីជប៉ុនមកកម្ពុជា គឺការដាក់ចេញនូវការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការចូលជាធរមាននៃកិច្ចព្រមព្រៀងខាងលើ”។
លោកជា វុទ្ធីបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា បញ្ហាដែលបានលើកឡើងនាឱកាសនេះ នឹងត្រូវបានពិភាក្សា និងយកចិត្តទុកដាក់ដោះស្រាយពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវបរិយាកាសល្អប្រសើរសម្រាប់ថែទាំវិនិយោគជប៉ុន ដែលមានស្រាប់ ជំរុញលើកទឹកចិត្តឱ្យមានការពង្រីកការវិនិយោគ និងឈានទៅដល់ការទាក់ទាញវិនិយោគថ្មីមកពីជប៉ុន ក្នុងគោលបំណងធ្វើពិពិធកម្មទាំងប្រភពទុន និងឧស្សាហកម្ម៕










