កម្ពុជាស្នើភាគីឥណ្ឌាជួយពង្រីកការផ្សព្វផ្សាយទេសចរណ៍ ការវិនិយោគ និងជម្រុញជើងហោះហើរត្រង់

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលស្នើភាគីឥណ្ឌាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងទាក់ទាញការវិនិយោគពីឥណ្ឌាមកកាន់កម្ពុជាឲ្យបានកាន់តែច្រើន។

សំណើរនេះត្រូវបានលើកឡើង ដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ កាលពី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Karthik Tallam កុងស៊ុលកិត្តិយសកម្ពុជាប្រចាំ ទីក្រុង Bengaluru (ឈ្មោះពីមុនBangalore) រដ្ឋKarnataka នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហការ ក្នុងវិស័យទេសចរណ៍ និងការវិនិយោគបន្ថែមរវាងកម្ពុជា និងឥណ្ឌា នាទីស្តីការក្រសួង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកKarthik Tallam បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តផ្សព្វផ្សាយលើកកម្ពស់សក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជាជូនដល់វិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌា ជាពិសេសអ្នករស់នៅ និងធ្វើអាជីវកម្មនៅទីក្រុង Bengaluru (Bangalore) និងបណ្តាក្រោមដែនសមត្ថកិច្ចរបស់ស្ថានកុងស៊ុល។

លោកបានគូសបញ្ជាក់ ពីការពង្រឹងពង្រីកកិច្ចសហការលើវិស័យទេសចរណ៍រវាងខេត្តសៀមរាប និងរដ្ឋKarnataka ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្រោមក្របខណ្ឌកិច្ចព្រមពៀង ទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងរដ្ឋKarnataka ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ2025 កន្លងមក។

ជាពិសេស គឺកិច្ចប្រឹងប្រែងរួមគ្នាជំរុញ ដល់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដ៏ធំ Indigo Airlines ហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru ដើម្បីជំរុញកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាឱ្យកាន់តែច្រើនឡើង។

ជាកិច្ចឆ្លើយតប រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះតួនាទីដ៏សកម្ម របស់លោកកុងស៊ុលកិត្តិយស ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងកាលានុវត្តភាពវិនិយោគកម្ពុជា នៅប្រទេសឥណ្ឌា រួមទាំងគំនិតផ្តួចផ្តើមដ៏ល្អនាពេលនេះ ដែលពិតជាជួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឥណ្ឌាមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្ត្រី ហួត ហាក់ បានស្នើលោកកុងស៊ុលកិត្តិយស បន្តជួយផ្សព្វផ្សាយព័ត៌មានពិត អំពីស្ថានភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម យ៉ាងឆាប់រហ័សរបស់កម្ពុជា ដល់ប្រជាពលរដ្ឋនិងវិនិយោគិនឥណ្ឌា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលការពិត កម្ពជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងសន្តិសុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here