ដោយៈ ម៉ាណា
ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងអង្គការWater.Org ប្តេជ្ញាចិត្តរួមគ្នា ដើម្បីជំរុញហិរញ្ញវត្ថុបៃតង និងវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា ស្របតាមក្របខណ្ឌនិងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដឹកនាំសហការី ព្រមទាំងតំណាងមកពីអង្គការWater.org ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មARDB Bank កាលពីដើមសប្តាហ៍នេះ។
កិច្ចប្រជុំនេះ មានគោលបំណងជជែកពិភាក្សា អំពីកិច្ចសហប្រតិបត្តិការរវាងសមាគម ធនាគារARDB និងអង្គការWater.Org ក៏ដូចជាគំនិតផ្តួចផ្តើមនានា ជុំវិញកិច្ចការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យ ក៏ដូចជាហិរញ្ញប្បទានបៃតងនៅកម្ពុជា សំដៅចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងសម្រេចបាននូវក្របខណ្ឌគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងពីសារៈសំខាន់ នៃកិច្ចការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យ ក៏ដូចជា ការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា។
លោកជំទាវបញ្ជាក់ថា “ការពង្រឹងវិស័យទឹកស្អាត និងអនាម័យ និងហិរញ្ញប្បទានបៃតង មិនត្រឹមតែចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន និងតំបន់ដាច់ស្រយាល ក៏ដូចជាកសាងភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់សហគ្រាស និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែការងារនេះក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ”។
បន្ថែមលើនេះ ជំទាវក៏បានស្នើសុំកិច្ចសហការ និងការគាំទ្រពីធនាគារARDB ដើម្បីកសាងសមត្ថភាព ដល់មន្រ្តីគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសសមាជិករបស់សមាគម ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យ ក៏ដូចជាហិរញ្ញប្បទានបៃតង។
បច្ចុប្បន្ននេះ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងដៃគូ សមាគមបាន និងកំពុងអនុវត្តគម្រោងធំៗចំនួនពីរ ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យ និងការលើកកម្ពស់ហិរញ្ញប្បទានបៃតង រួមមាន គម្រោងឥណទានទឹកស្អាត និងអនាម័យ (WCAD) មានគោលដៅលើកម្ពស់ លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងគម្រោងភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា (CREFA) ដែលមានគោលដៅកាត់បន្ថយភាពងាយរងគ្រោះ នៃបម្រែបម្រួលអាកាសធាតុនៅកម្ពុជា ដោយផ្តោតលើការកសាងសមត្ថភាព សម្រាប់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការបន្សាំ និងការអភិវឌ្ឍប្រកបដោយចីរភាព៕





