ដោយ: សហសេវិក
អន្តរជាតិ: តម្រូវការការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ក្នុងទីក្រុងហ្សាការតារបស់ឥណ្ឌូនេសុីសម្រេចបានចំនួន១០៥.០០០ម៉ែត្រការ៉េពេញមួយឆ្នាំ២០២៥ ដែលនាំមុខដោយការជួលអគារការិយាល័យកម្រិត A។
អត្រាគ្របដណ្តប់ការប្រើប្រាស់បានកើនឡើងដល់៧៦,៧ភាគរយ ហើយត្រូវបានគេព្យាករថា នឹងកើនឡើងដល់៧៨,៨ភាគរយនៅឆ្នាំ២០២៦នេះ ដោយសារក្រុមអ្នកវិភាគរំពឹងថា នឹងមិនមានការផ្គត់ផ្គង់អគារការិយាល័យថ្មីណាមួយរហូតដល់ឆ្នាំ២០២៧។
តម្លៃជួលការិយាល័យជាមធ្យមមានចំនួន១៧៣.៩០០រូពៀ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ដែលកើនឡើង៣ភាគរយធៀបនឹងឆ្នាំ២០២៤ ហើយត្រូវបានគេរំពឹងថានឹងកើនឡើង៤ភាគរយនៅឆ្នាំ២០២៦។
ចំពោះផ្នែកលក់រាយ ក្រុមហ៊ុន Cushman & Wakefield បានកត់សម្គាល់ថា ទីក្រុងហ្សាការតានៅតែបន្តបង្ហាញពីភាពធន់ ខណៈអត្រាគ្របដណ្តប់ការប្រើប្រាស់ស្ថិតក្នុងរង្វង់៧៧,២ភាគរយ ទោះបីជាមានការផ្គត់ផ្គង់ថ្មីជាបន្តបន្ទាប់យ៉ាងណាក្តី។
នៅឆ្នាំ២០២៦នេះ គេរំពឹងថា នឹងមានការផ្គត់ផ្គង់អចលនទ្រព្យផ្នែកលក់រាយបន្ថែមចំនួន៦១.០០០ម៉ែត្រការ៉េ ជាពិសេសនៅខាងក្រៅតំបន់ CBD។
សម្រាប់ផ្នែកខុនដូ ក្រុមហ៊ុន Cushman & Wakefield ព្យាករថា នឹងមានការផ្គត់ផ្គង់ខុនដូថ្មីប្រហែល១១.៣០០យូនីតនៅឆ្នាំ ២០២៦។ តម្រូវការខុនដូតម្លៃសមរម្យ ត្រូវបានគេរំពឹងថា នឹងនៅតែមានភាពរឹងមាំ ដោយសារការលើកទឹកចិត្តផ្នែកពន្ធអាករលើតម្លៃបន្ថែមរហូតដល់ឆ្នាំ ២០២៧។
ទន្ទឹមនឹងនេះ លំនៅដ្ឋានដែលមានដីក៏បានបង្ហាញពីភាពធន់ផងដែរ។ តម្លៃដីធ្លីបានកើនឡើងប្រហែល ៣ ភាគរយដល់ ១៣,២ លានរូពីក្នុងមួយម៉ែត្រការ៉េ ដែលគាំទ្រដោយការអភិវឌ្ឍទីប្រជុំជន និងការចូលប្រើប្រាស់ផ្លូវបង់ប្រាក់៕ប្រភព: Tempo៕










