ដោយៈ ម៉ាណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា( NBC)បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “សេចក្តីណែនាំស្តីពីការគ្រប់គ្រង ហានិភ័យបច្ចេកវិទ្យានិងសាយប័ររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ”។
សិក្ខាសាលានេះធ្វើឡើង ក្រោមអធិបតីភាព លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។
សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីខ្លឹមសារ នៃសេចក្តីណែនាំស្តីពី ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា និងសាយប័ររបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងកម្រងសំណួរ សម្រាប់ការវាយតម្លៃការគ្រប់គ្រង ហានិភ័យបច្ចេកវិទ្យានិងសាយប័ររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
សេចក្តីណែនាំដែលធ្វើបច្ចុប្បន្នកម្មថ្មីនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជំនួសគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ដែលបានដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០១៩ ឱ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា នវានុវត្តន៍ និងហានិភ័យថ្មីៗក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។
សិក្ខាសាលានេះ មានអ្នកចូលរួមពីបុគ្គលិកជាន់ខ្ពស់ និងបុគ្គលិកជំនាញនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុន និងសមាគមពាក់ព័ន្ធសរុបប្រមាណ៣០០រូប។
តាមរយៈការធ្វើបទបង្ហាញ ការពិភាក្សា និងការចែករំលែកចំណេះដឹង អ្នកចូលរួមទទួលបានការយល់ដឹង កាន់តែស៊ីជម្រៅអំពីការរំពឹងទុកផ្នែកបទប្បញ្ញត្តិ ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងវិធានការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាពធន់ នឹងហានិភ័យសាយប័រ និងធានាការអនុវត្តបច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាឱ្យមានសុវត្ថិភាព និងមានស្ថិរភាព៕










