ដោយៈ ម៉ាណា
ភ្នំពេញៈ លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើកដំបូង ជាមួយក្រុមហ៊ុន Saman Corporation and Kunhwa Engineering & Consulting Co.,LTD in sub-consultant association with SBK Research and Development Co.,LTD។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ ប្រធានគ្រប់គ្រងគម្រោង និងសមាជិកអង្គភាពគ្រប់គ្រងគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក-លោកស្រី តំណាងអភិបាល នៃគណៈអភិបាលខេត្តគោលដៅទាំងបី រួមមាន ខេត្តកណ្ដាល ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីបច្ចេកទេសដែលពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាពីកិច្ចការងារចាប់ផ្ដើម ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្នុងការតភ្ជាប់បណ្ដាញលូតាមខ្នងផ្ទះ ប្រជាពលរដ្ឋនៅក្នុងខេត្តគោលដៅចំនួនបី រួមមាន៖ ខេត្តកណ្ដាល ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សម្រាប់គម្រោងការពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASAC)។
គម្រោងការពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASAC) គឺដើម្បីធានាឱ្យបាននូវប្រភពទឹក ដែលមានគុណភាពតាមស្តង់ដារ គ្មានមេរោគ និងសារធាតុពុល ដើម្បីកាត់បន្ថយជំងឺដែលបង្កឡើងដោយទឹកមិនស្អាត និងពង្រឹងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ក្នុងការការពារការបំពុលបរិស្ថាន និងប្រភពទឹកក្រោមដី និងឈានទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីធានាឱ្យមានទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នាត្រឹមឆ្នាំ២០៣០៕








