ខ្លែងឯក និងខ្លែងសេរីរាប់រយបានបង្អួតសម្រស់នៅក្នុងពិធីបង្ហើរខ្លែងនៅខេត្តសៀមរាប

ដោយៈ និស្ស័យ

    សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បានពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ លើកតម្កើន មរតកវប្បធម៌ជាតិ ដើមី្បជំរុញវិស័យទេសចរណ៍ វប្បធម៌ ក្នុងាការទាក់ទាញអ្នកទេសចរណ៍ឲ្យមកកម្សាន្តនៅក្នុងខេត្តសៀមរាបផង។

ពិធីបើកការបង្ហើរខ្លែងឯកខ្មែរ បានដំណើរការទៅក្រោមវត្តមាន របស់លោកកុយ សង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោកលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោកលី សារី អភិបាលរងខេត្ត សៀមរាប នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិ សៀមរាបចាស់  កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៦នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមសេចក្តីរាយការណ៍របស់ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានលើកឡើងថា ការបង្ហើរខ្លែង បានកើតមានឡើង នៅក្នុងប្រពៃណីរបស់ខ្មែរ រាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែមួយរយៈកាលកន្លងមកនេះ ខ្លែងខ្មែរ ជាពិសេសខ្លែងឯកនេះ ស្ទើរតែបាត់បង់ដោយសារ តែពលរដ្ឋយើងមួយចំនួនមានជំនឿថា ខ្លែង ជាវត្ថុអពមង្គល តែតាមការពិតខ្លែងនេះ ដូនតាខ្មែរបង្កើតមកជាវត្ថុតំណាងឲ្យសុភមង្គល។

លោកមួង សុភាព បន្តថា ដោយសារតែជំនឿរមិនសមហេតុផលនេះ ទើបថ្នាក់ដឹកនាំ ស្ថាប័នជាតិបានគិតគូរ និងយកចិត្តទុកដាក់រៀបចំឲ្យមានព្រឹត្តិការណ៍នានា ដែលទាក់ទងនឹងខ្លែងនេះ ក្នុងនោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានបំណងយកខ្លែងឯករបស់ខ្មែរនេះ ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។

លោកបញ្ជាក់ថា ដោយសារហេតុនេះ ទើបក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ខិតខំបំផុសចលនាបង្ហើរខ្លែងនេះ ព្រោះការចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ យើងអាចអភិរក្ស និងផ្សព្វផ្សាយអំពីខ្លែងយើងបានទូលំទូលាយ។

លោក មួន សុភាព បញ្ជាក់ថា ការបង្ហោះខ្លែងនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ២០២៦នេះ បានទទួលពាក្យ បេក្ខជន បេក្ខនារីប្រកួតខ្លែងឯក ខ្លែងសេរី និង ចំនួនខ្លែងដែលត្រូវចូលរួមក្នុងព្រឹត្តិកា​រណ៍មានសរុបចំនួន១៣៨ ក្នុងនោះ ខ្លែងឯកមានចំនួនសរុប ៩៣ ខ្លែងឯក ខ្លែងសេរីមានចំនួនសរុប៤៥ខ្លែង។

លោក លី សារី ការបង្ហើរខ្លែងខ្មែរ មិនគ្រាន់តែបង្កបរិយាកាសឲ្យប្រជាពលរដ្ឋ សាធារណជន ទស្សនាប្រកបដោយសេចក្ដីសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ទេរនូវចំណេះដឹង ខាងទំនៀមទម្លាប់ប្រពៃណី ដល់យុវជនជំនាន់ក្រោយឲ្យបានស្គាល់ យល់ដឹងនិងចូលរួមប្រតិបត្តិ ថែរក្សាការពារ លើកស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការសិក្សាស្រាវ ជ្រាវ ចងក្រងរក្សាទុកនូវឯកសារបេតិកភណ្ឌវប្បធម៌នេះ ឲ្យបានស្ថិតស្ថេរគង់វង្ស ។

លោកបន្តថា ពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី  ប្រារព្ធធ្វើជាលើកទី២ នៅខេត្តសៀមរាប   ដែលជាចលករមួយចូលរួមចំណែ​កយ៉ាងសំខាន់ ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាខេត្តសៀមរាប កាន់តែច្រើនឡើងផងដែរ។

ទន្ទឹមនឹងនេះ សម្រាប់ឆ្នាំ២០២៧ខាងមុខ ដើម្បីបន្តរក្សាកំណើន និង ទាក់ទាញភ្ញៀវទេសចរ និងថែរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ជាតិយើង ក្នុងនាមអាជ្ញាធរខេត្តសៀមរាប  លោកបានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក វិស័យឯកជន បងប្អូនប្រជាពលរដ្ឋ​ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាបន្តគាំទ្រឲ្យបានផុលផុស ដើម្បីបន្តការរៀបចំនូវកម្មវិធី និងព្រឹត្តិការណ៍នានា ក្នុងខេត្តសៀមរាបយើងនៅឆ្នាំបន្តបន្ទាប់ទៀត៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here