ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋសភាកម្ពុជា កំពុងពន្លឿនការងារបច្ចេកទេស យ៉ាងសកម្ម ដើម្បីត្រៀមរៀបចំកិច្ចពិភាក្សាតុមូល និងវេទិកាថ្នាក់ ដឹកនាំអន្តរជាតិសំខាន់ៗចំនួន៣ ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៦ ក្នុងគោលបំណងដោះស្រាយវិបត្តិអាកាសធាតុ និងជំរុញការវិនិយោគក្នុងវិស័យកសិកម្មប្រកបដោយចីរភាព និងការទទួលខុសត្រូវ។
ព័ត៌មាននេះត្រូវបានលើកឡើង កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Zoom) ជាមួយលេខាធិការដ្ឋានអាយប៉ា និងដៃគូអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីពិភាក្សាផ្ដោតសំខាន់លើការរៀបចំ ផែនការសម្រាប់ព្រឹត្តិការណ៍ធំៗ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រួមមាន ទី១. សិក្ខាសាលាថ្នាក់ជាតិស្តីពី ការប្រែប្រួលអាកាសធាតុ៖ ជាកិច្ចសហការរវាងលេខាធិការដ្ឋានអាយប៉ា និងអង្គការ Tara Climate ដើម្បីស្វែងរកដំណោះស្រាយ ចំពោះបញ្ហាបរិស្ថានសកល និងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
ទី២. វេទិកាពិគ្រោះយោបល់ថ្នាក់ដឹកនាំអាយប៉ា (AIPA Leadership Forum) វេទិកានេះគឺជាគំនិតផ្តួចផ្តើម ដ៏មានសារៈសំខាន់របស់សភាកម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មរបស់អន្តរសភាអាស៊ាន (AIPA) ដើម្បីពង្រឹងតួនាទីអ្នកដឹកនាំ ក្នុងតំបន់លើការដោះស្រាយបញ្ហារួម។
ទី៣ កិច្ចប្រជុំស្តីពីគោលការណ៍ណែនាំអាស៊ាន (ASEAN RAI)គឺជាកិច្ចប្រជុំស្របគ្នា ដែលផ្ដោតលើការលើកកម្ពស់ ការវិនិយោគប្រកបដោយការទទួលខុសត្រូវ ក្នុងវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ ដោយមានការគាំទ្របច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO )។
ការផ្តួចផ្តើមរៀបចំកិច្ចប្រជុំទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចប្រធានរដ្ឋសភា ក្នុងការជំរុញ “ការទូតសភា” ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុ និងការធានាសន្តិសុខស្បៀងក្នុងតំបន់។
លើសពីនេះ ការទទួលធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍អន្តរជាតិធំៗក្នុងឆ្នាំ២០២៦ ក៏ជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពល និងតួនាទីដឹកនាំរបស់ខ្លួន ក្នុងក្របខ័ណ្ឌអាស៊ានផងដែរ៕








