ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងអង្គការហ្គ្រេត(GRET) ក្នុងការសិក្សារៀបចំគម្រោងអនាម័យនៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងអង្គការហ្គ្រេត(GRET) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីចូលរួមស្តាប់នូវការធ្វើបទបង្ហាញរបស់ក្រុមការងារទីប្រឹក្សា (Dathak) អំពីវិសាលភាពសម្រាប់ការសិក្សារៀបចំ គម្រោងអនាម័យនៅរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)។
បន្ទាប់ពីបានស្តាប់នូវការធ្វើបទបង្ហាញ យ៉ាងក្បោះក្បាយពីតំណាងទីប្រឹក្សា(Dathak)រួចមក លោករដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែម ធ្វើយ៉ាងណាឱ្យគម្រោងមួយនេះ អនុវត្តកាន់តែមានប្រសិទ្ធភាព ស្របទៅតាមច្បាប់ និងបទដ្ឋានបច្ចេកទេស៕








